កំពង់ធំ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកព្រះរាជាណាចក្រកម្ពុជាបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប បង្ករឱ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យតំបន់មួយចំនួនរងការកើនឡើងនៃជំនន់ទឹកភ្លៀង និងរងផលប៉ះពាល់ដល់អគាររដ្ឋបាល ទីកន្លែងសម្រាប់មន្ត្រី បំពេញភារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ តំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក៏បានរងផលប៉ះពាល់ផងដែរ។ លោកស្នងការ ណែនាំដល់លោកអធិការនគរបាល ក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់ ដោយត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹក ព្រមទាំងស្វែងរក និងរៀបចំទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋក្នុងករណីមានការជម្លៀសជាបន្ទាន់។ ជាមួយគ្នានេះ កងកម្លាំងត្រូវចុះផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ទន្លេ ស្ទឹង បឹងបួរ ព្រែក និងអូរ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ ព្រមទាំងប្រយ័ត្នចំពោះសត្វអសិរពិសដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលមានទឹកជំនន់។ ចំពោះទីតាំងអាជីវកម្មចម្លងផ្សេងៗ ត្រូវធ្វើការអប់រំណែនាំដល់ម្ចាស់អាជីវកម្មឱ្យគោរពវិធានសុវត្ថិភាព ដោយចៀសវាងការផ្ទុកមនុស្ស សត្វ និងទ្រព្យសម្បត្តិលើសទម្ងន់ ដែលអាចបង្កហានិភ័យដល់អាយុជីវិត។ លោកស្នងការ បានសង្កត់ធ្ងន់ឱ្យកងកម្លាំងបន្តតាមដានស្ថានភាពទឹកនៅតាមស្ទឹង បឹង និងទន្លេជាប្រចាំ ដើម្បីមានព័ត៌មានទាន់ពេលវេលា និងអាចចាត់វិធានការជួយសង្គ្រោះ ឬជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា ក្នុងករណីស្ថានភាពទឹកមានការកើនឡើង ។ ហើយកងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុងស្រុក ទាំងអស់ត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់ធ្វើអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ជាយថាហេតុ៕



