ភ្នំពេញ៖ ដើម្បីធានានិរន្តរភាព នៃការបើកដំណើរការសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ហើយជាពិសេសវិស័យអប់រំនោះ មន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរម្លឹកដល់បុគ្គលិកអប់រំ និង អ្នកសិក្សារួសរាន់ចាក់វ៉ាក់សាំងដូសជំរុញ។ ការចាក់វ៉ាក់សាំងកូវីដ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា យុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី១៧ ខែឧសភានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បន្តជំរុញដល់បុគ្គលិកអប់រំ អ្នកសិក្សា មាតាបិតា គ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព នៃការបើក ដំណើរការសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។
លោក បានបន្តថា ការចាក់វ៉ាក់សាំង គឺជាមូលដ្ឋានដ៏សំខាន់ ដែលនាំឱ្យមានការបើកដំណើរការ សង្គម-សេដ្ឋកិច្ចឡើងវិញ និយាយជារួម និងនិយាយដោយឡែក ការបើកដំណើរការវិស័យអប់រំ។
ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សភាគច្រើន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ក្នុងម្នាក់បីដូសរួចរាល់។
បច្ចុប្បន្នប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ខណៈការ ចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាយុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងធានានិរន្តរភាព សង្គម-សេដ្ឋកិច្ច និងការរស់នៅធម្មតាតាម បែបគន្លងថ្មី៕អត្ថបទ៖ ទូច សោភ័ណ