ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា(E-Sports) នឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី២០ នាប្រទេសជប៉ុន នារសៀលថ្ងៃទី២៩ ខែកញ្ញានេះ ស្របពេលអត្តពលិកកម្ពុជា ២រូបទៀត ត្រូវបន្ដបេសកកម្មប្រកួតលើវិញ្ញាសាផ្សេងៗគ្នា គឺកីឡាករទូកក្ដោង ញ៉ូវ ចាន់ និងកីឡាករអត្តពលកម្ម ឡៃ ធារិន។

សម្រាប់ក្រុមកីឡាអេឡិចនិកកម្ពុជា ដែលមានរហស្សនាម Angkor Warriors គឺត្រូវប្រកួតវិញ្ញាសា Mobile Legends: Bang Bang (MLBB) ហើយត្រូវជួបក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងពូលD ដែលមានបេក្ខភាពត្រឹមតែ ២ក្រុម។ ការប្រកួតនេះ ពិតជាសំខាន់ខ្លាំង សម្រាប់ក្រុម E-Sports កម្ពុជា ដែលត្រូវការជ័យជម្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ។
មុនព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះមកដល់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកកីឡាអេឡិចត្រូនិក គឺជាប្រភេទកីឡាសក្ដានុពលមួយ ដែលអាចឈានដល់ការប្រជែងមេដាយជូនជាតិ។ តែយ៉ាងណាក្រុម E-Sports កម្ពុជា ត្រូវការឈ្នះយ៉ាងហោច ២ ទៅ ៣ប្រកួត ដើម្បីសម្រេចក្ដីស្រម៉ៃនេះ។
ក្រឡេកទៅមើលការប្រកួតរបស់អត្តពលិកកម្ពុជា ២រូបទៀត គឺកីឡាករ ញ៉ូវ ចាន់ នឹងបន្ដការប្រកួតលើវិញ្ញាសាបុរស ILCA 7 បន្ទាប់ពីឆ្លងកាត់ការប្រកួត ២ជុំនៅថ្ងៃដំបូង រូបគេកំពុងឈរលេខរៀងទី១២ បណ្ដោះអាសន្ន ក្នុងចំណោមអត្តពលិកសរុប ១៨រូប ដែលប្រកួតលើវិញ្ញាសានេះ ហើយកំពុងគ្រងកំពូលតារាងបណ្ដោះអាសន្នដោយកីឡាករចិន Luo Junsuo។
ចំណែកកីឡាករកូនកាត់ខ្មែរ-បារាំង ឡៃ ធារិន នឹងត្រូវធ្វើការប្រកួតវិញ្ញាសាថ្មីមួយទៀត គឺវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ បន្ទាប់ពីកីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជារូបនេះ បានប្រកួតវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ កាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ ដោយបញ្ចប់ត្រឹមលេខ៩ ក្នុងចំណោមអត្តពលិក ១៣នាក់ ដោយប្រើថិរវេលា ៣២នាទី និង ១២.១៤វិនាទី។ ចំពោះវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែលនាល្ងាចនេះ ធារិន នឹងត្រូវប្រជែងជាមួយអត្តពលិករហូតដល់ ១៩នាក់ឯណោះ។
គួរដឹងថា ឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃកន្លងមក គិតត្រឹមពេលនេះ កម្ពុជានៅរក្សាមេដាយសំរឹទ្ធ ៤គ្រឿងក្នុងដៃ ដែលរកបានដោយក្រុមកីឡាការិនីបាល់ទាត់លើតុ ២គ្រឿង, កីឡាការិនីការ៉ាតេ ១គ្រឿង និងកីឡាការិនីគុនចម្រុះ ១គ្រឿង តែកម្ពុជា នៅមានអត្តពលិកជាច្រើនទៀត ដែលនឹងបន្ដការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែម ដូចជាកីឡាតេក្វាន់ដូ ចំបាប់ ជឺជីតស៊ូ និងយូដូជាដើម មុនព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ បិទជាផ្លូវការនាថ្ងៃទី៤ ខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា


