អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្ដែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដោយផ្ទាល់ ដើម្បីរកវិធានការជួយដល់ពលរដ្ឋភ្លាមៗ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។

ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះរូបថតពីរសន្លឹកក្នុងនោះមួយសន្លឹកជារូបសម្តេចចជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ ពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី និងមួយសន្លឹកទៀតជារូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២៦ នេះ អមដោយចំណងជើងខ្លីនិងមានអត្ថន័យជ្រាលជ្រៅថា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមានន័យថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាតែងតែបន្តប្រពៃណីរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដោយឥតប្រែប្រួល មិនខុសពីអ្នកដឹកនាំរៀមច្បងរបស់ខ្លួនឡើយ ពោលគឺ«ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី» និងមន្ត្រីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ចាំជួយពលរដ្ឋជានិច្ច។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទើបតែបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា៤លាន៦សែននាក់ នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភពីគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗទទួលបានថវិកាឧបត្ថម្ភបន្ថែម៥ពាន់រៀលស្មើៗគ្នា និងត្រូវទទួលបាន៤លើករហូតដល់ដំណាច់ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេង និងបញ្ចុះឬកាត់ចោលពន្ធអាករលើប្រេងសាំងនិងប្រេងម៉ាស៊ូត យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ឯកឧត្តម ប៉ែន បូណាបន្តថា កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាពនិងជីវភាពរបស់ពលរដ្ឋជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖(១)កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង(៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា និងកម្មវិធីអន្តរាគមន៍ពិសេសជូនគ្រួសារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ក្រៅពីស្វែងរកសន្តិភាព ថែរក្សាសន្តិភាព ស្ថិរភាពសង្គម-នយោបាយ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងជីវភាពគ្រួសារ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋក្រីក្រតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ក៏ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ប្រពៃណីនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានដាក់ចេញ នូវគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ និងប្រកបដោយមហិច្ឆតា តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ការឧបត្ថម្ភសាច់ប្រាក់ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង។ ក្រៅពីនោះ រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនូវ សេវាថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជនដោយឥតគិតថ្លៃ ក្រោមអភិក្រម«មិនបោះបង់ពលរដ្ឋណាម្នាក់ចោល»នោះឡើយ៕






