កីឡាការិនីដើរប្រណាំងរបស់កាហ្សាក់ស្ថាន Yasmina Toxanbayeva ត្រូវបានដកហូតមេដាយមាសពីការប្រកួត Asian Games បន្ទាប់ពីត្រូវបាន ដកសិទ្ធិក្នុងវិញ្ញាសាម៉ារ៉ាតុង ដោយសារប្រើប្រាស់ស្បែកជើងដែលមិនត្រូវបានអនុញ្ញាតតាមបទប្បញ្ញត្តិ។
Toxanbayeva បានឆ្លងកាត់ខ្សែបញ្ចប់មុនគេ ដោយប្រើពេល ៣ម៉ោង ២២នាទី និង២០វិនាទី ដែលលឿនជាងកីឡាការិនីចិន Danzengquzong ដែលឈ្នះមេដាយប្រាក់ជិត៤នាទី។ ប៉ុន្តែលទ្ធផលដំបូងនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ដោយសារមានការដាក់ពាក្យតវ៉ា។
ដោយឡែកកីឡាអត្តពលកម្មដែលត្រូវប្រកួតក្រោមភ្លៀងខ្លាំង Mariam Kareem បានក្លាយជាចំណុចសំខាន់ ដោយបំបែកកំណត់ត្រា Asian Games និងឈ្នះមេដាយមាសក្នុងវិញ្ញាសា រត់ឆ្លងឧបសគ្គ ៤០០ម៉ែត្រនារី។
កាតា ក៏ទទួលបានមេដាយមាសក្នុងវិញ្ញាសា រត់ឆ្លងឧបសគ្គ ៤០០ម៉ែត្របុរស តាមរយៈកីឡាករ Baseem Hemeida ខណៈកីឡាករជប៉ុន Ryuji Miura បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះអបអរសាទរ បន្ទាប់ពីឈ្នះមេដាយមាសក្នុងវិញ្ញាសា រត់ចម្ងាយ ៣,០០០ម៉ែត្រ។
ចិនបានបន្តប្រមូលមេដាយមាសតាមរយៈ Shi Yuhao ដែលឈ្នះវិញ្ញាសាលោតចម្ងាយបុរស ខណៈកីឡាករជប៉ុន Kazuto Lizawa បានបង្កើតកំណត់ត្រា Asian Games ថ្មីក្នុងវិញ្ញាសារត់ ១,៥០០ម៉ែត្របុរស ដែលជួយបង្កើនចំនួនមេដាយរបស់ជប៉ុន។
ចិនក៏ទទួលបានមេដាយមាសបន្ថែមទៀត ដោយ Feng Bin ឈ្នះវិញ្ញាសាចោលថាសនារី ខណៈ Lin Shan និង Wang Zengyuan ឈ្នះមេដាយមាសក្នុងវិញ្ញាសាលោតទឹកពីក្តារកម្ពស់ ១ម៉ែត្រ ផ្នែកនារី និងបុរសរៀងគ្នា។
សម្រាប់ស្រីលង្កា Rumesh Pathirage បានឈ្នះមេដាយមាសក្នុងវិញ្ញាសាចោលលំពែងបុរស ដែលជាមេដាយមាស លើកដំបូងរបស់ស្រីលង្កា ក្នុង Asian Games លើកនេះ។
កីឡាការិនីបារ៉ែន Winfred Yavi បានឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ ១,៥០០ម៉ែត្រនារី ដោយបន្តបង្ហាញសមត្ថភាពក្នុងចំណោមកីឡាការិនីឆ្នើមផ្នែករត់ចម្ងាយមធ្យម។
ក្នុងវិញ្ញាសា ហែលទឹកសិល្បៈជាក្រុមចម្រុះ ក្រុមចិនបានបង្ហាញការសម្តែងយ៉ាងល្អ និងឈ្នះមេដាយមាស បន្ទាប់ពីទទួលបានពិន្ទុខ្ពស់ពីចៅក្រម។
ចំណែកកីឡាប្រណាំងកង់ BMX Racing ផ្នែកនារី កីឡាការិនីជប៉ុន Hatakeyama Sae បានឈ្នះមេដាយមាស។ សម្រាប់វិញ្ញាសាបុរស កីឡាករជប៉ុន Nakai Asuma បានគ្រងជើងឯក៕ អត្ថបទ៖នាង សុភាវុធ


