ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ (LAY SOKONG) ដែលជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើសកម្មភាពមេឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤បទល្មើស សមគំនិតក្នុងអំពើសូកប៉ាន់, សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បើកអាជីវកម្មបប្តូរប្រាក់ និងផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីធនាគារជាតិ និងបទសម្អាតប្រាក់។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ ឡាយ សុខគង់ (LAY SOKONG) តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣៨០៤ អ.យ.ត ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើសូកប៉ាន់, សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បើកអាជីវកម្មបប្តូរប្រាក់ និងផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីធនាគារជាតិ និងបទសម្អាតប្រាក់ តាមមាត្រា ២៩ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥ មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, មាត្រា ៥ និងមាត្រា ២១ នៃច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម។

អ្នកនាំអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ក្នុងករណីឃុំព្រែកខ្សាច់ មេខ្លោងចិនអនឡាញស្គេមដ៏តូចមួយនេះប្រើប្រាស់គ្រីបតូប្រភេទ USDT របស់ TOKEN POCKET (TP) ហើយបុគ្គលជា VASP (1) គឺ ឡាយ សុខគង់។
មេអនឡាញហ្គេម ឈ្មោះហៅក្រៅ ត្រងោល - ឈ្មោះក្នុងបញ្ជីរបស់ក្រុមឆបោក គឺ ឆៃ យ៉ូវយៀន Cai You Yuan ហើយឈ្មោះពិតប្រាកដគឺ ចាង ចៀនឈាំង Zhang Jian Qiang ត្រូវបានរកឃើញមានប្រើគណនី គ្រីបតូប្រភេទប្រាក់ USDT ហើយ ឡាយ សុខគង់ ក៏មានគណនីគ្រីបតូប្រភេទ USDT (ប្រភេទប្រាក់គ្រីបតូថេរ - 1USDT = 1USD) ដែរ។
មេអនឡាញហ្គេមឈ្មោះ ត្រងោល - ឈ្មោះផ្សេងទៀត ឆៃ យ៉ូវយៀន Cai You Yuan/ ឈ្មោះ ចាង ចៀនលាំង Zhang Jian Qiang (ឈ្មោះក្នុងលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណជនជាតិចិន) មាន គណនីប្រាក់គ្រីបតូច្រើនជាង ១០ គណនីដែលក្នុងនោះ អ.ប.ព. រកឃើញថា៖ ការប្រើប្រាក់គ្រីបតូ (USDT) ឱ្យប្តូរជាប្រាក់ពិតជាដុល្លារអាមេរិក (USD) (1USDT = 1USD) ឬជាប្រាក់ យ៉ន់ចិន (1USDT = 6.7 យ៉ន់ចិន) ហើយឱ្យអ្នកប្តូរលុយនេះផ្ញើជាប្រាក់ដុល្លារអាមេរិក ឬលុយយ៉ន់ចិនឱ្យអ្នកដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនឱ្យ ឬត្រូវចំណាយឱ្យសម្រាប់ទិញទំនិញ ដឹកជញ្ជូន បង់ថ្លៃសេវា និងប្រាក់ពុករលួយ ដូចជា ករណី ឆៃ យ៉ូវយៀន ត្រូវបង់ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ភេ ផាត់ផេង ឬ បង់ប្រាក់ឱ្យមេឃុំ រៀម រុំ ជាដើម គឺពេលផ្ទេរប្រាក់ពី ឆៃ យ៉ូវយៀន ហើយមិនត្រូវមើលឃើញថា ប្រាក់ នេះចេញពី ឆៃ យ៉ូវយៀនទេ។
ឧទាហរណ៍ ឆៃ យ៉ូវយៀន ឱ្យប្រាក់គ្រីបតូទៅ ឡាយ សុខគង់ (ម្ចាស់តូប ប្តូរប្រាក់ សុខគង់ 148) ហើយ ឡាយ សុខគង់ យកប្រាក់ដុល្លារតាមគណនីស្របច្បាប់របស់ខ្លួនផ្ញើឱ្យ រៀម រុំ។
ក្រៅពីនេះ យើងរកឃើញទៀតថា ចំណូលដែល ឆៃ យ៉ូវយៀន ទទួលបាន ឆៃ យ៉ូវយៀន ផ្ទេរទៅតាម គណនីគ្រីបតូឱ្យមេធំ (កាបូបប្រាក់គ្រីបតូឈ្មោះ OKX Hot Wallet 8) ហើយ អ.ប.ព. បានឃើញមាន ទឹកប្រាក់ 250,605,000 USDT (ស្មើ 250,605,000 ដុល្លារអាមេរិក) (2)។
ភស្តុតាងនេះបង្ហាញថា ប្រាក់បានពីអំពើឆបោក ៩០% ត្រូវផ្ទេរចេញតាមគ្រីបតូទៅក្រៅប្រទេសភ្លាមៗ មិនមានបន្សល់នៅកម្ពុជានោះទេ។ ប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជា ត្រឹមរាប់ម៉ឺនដុល្លារប៉ុណ្ណោះ ដែលយើងអាចចាប់យកបាន (រឹបអូស) ប្រសិនបើយើងរកឃើញ។
អំពីឈ្មោះ ឡាយ សុខគង់ ដែលជាអ្នកទទួលប្តូរប្រាក់គ្រីបតូ និងដុល្លារអាមេរិក ប្រាក់យ៉ន់ចិនឱ្យ ឆៃ យ៉ូវយៀន តាមគណនីគ្រីបតូ (រាល់ការផ្ទេរប្រាក់គណនីគ្រីបតូ តាមបញ្ញត្តិរបស់ធនាគារជាតិ គឺខុស ច្បាប់) ហើយប្រើគណនីប្រាក់ដុល្លារពិតនៅធនាគារស្របច្បាប់ដើម្បីបញ្ជូនប្រាក់ទៅឱ្យ រៀម រុំ និង គោលដៅផ្សេងទៀតដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនទៅ។
ឈ្មោះពិត និងឈ្មោះបានប្រើ ឡាយ សុខគង់ Lay Sokong, SOKONG148-ប្តូរប្រាក់, Licensed FX, Sokong, ថ្ងៃមុខនៅវែងឆ្ងាយទៀត (ឈ្មោះនេះប្រើក្នុង WeChat), SK, U1, U2, U3, U4 (ឈ្មោះ U1 ដល់ U4 នេះ ប្រើក្នុងគណនីគ្រីបតូ Token Pocket, SK148 (ឈ្មោះនេះប្រើក្នុងគណនី គ្រីបតូ Token Pocket - ឈ្មោះ ស៊ូ ជើង ឈ្មោះជាភាសាចិន) - ជើងស៊ូ (ឈ្មោះប្រើក្នុងក្រុមអនឡាញ ហ្គេមរបស់ ឆៃ យ៉ូវយៀន ដែលមាន ៤ នាក់ ដែលមាន ឡាយ សុខគង់ - ឆៃ យ៉ូវយៀន និងចិន ២ នាក់ ទៀត)។
ក្រុម ៤នាក់នេះ ដាក់ឈ្មោះថា OD ជិញស៊ូ - លុយសសុទ្ធ - ធានាយូរអង្វែង) ឡាយ សុខគង់ បច្ចុប្បន្នមានអាយុ ២៥ ឆ្នាំ កម្រិតវប្បធម៌ថ្នាក់ទី ៩ - ឆ្នាំ ២០១៨ ដល់ ២០២០ រៀនភាសាចិននៅ សាលាទួនហ្វា និងអង់គ្លេសនៅសាលា Standford International Academy។ មុខរបរការងារ បុគ្គលិកបិទក្រដាសជញ្ជាំងផ្ទះ - ឆ្នាំ ២០២០-២០២១ ធ្វើជាអ្នកបកប្រែភាសាចិន។ តាំងពីឆ្នាំ ២០២៤ ដល់ បច្ចុប្បន្ន ម្ចាស់តូបប្តូរប្រាក់យីហោ សុខ គង់ 148 ក្នុងបុរីប៉េងហួត បឹងស្មោ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ៕ អត្ថបទ៖ វង្ស សុភាព


