ឥណ្ឌូនេស៊ី៖ កីឡាការិនីកីឡាវូស៊ូរបស់កម្ពុជាដណ្តើមបានមេដាយចំនួន ៦ គ្រឿងពីការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯក “ INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026” នៅប្រទេសឥណ្ឌូនេស៊ី ខេត្តស៊ូម៉ាត្រាខាងជើង ការប្រកួតនេះប្រព្រត្តិទៅចាប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
តាមសារអេឡិចត្រូនិច លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានប្រាប់ពីឥណ្ឌូនេស៊ីឲ្យដឹងថា កីឡាការិនី៦ នាក់ ក្រោម១៧ ឆ្នាំ ២ នាក់ និងវ័យចាស់៤នាក់ ចូលរួមប្រកួតកីឡាវូស៊ូ វិញ្ញាសាថៃជិឈាន ( សម្តែង ) ជាលទ្ធផលបច្ចេកទេស ទទួលបានមេដាយសរុបចំនួន ៦ គ្រឿង រួមមាន មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង ៣ មេដាយសំរឹទ្ធិ ៣ គ្រឿងក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកកម្រិតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា សហព័ន្ធកីឡាវូស៊ូកម្ពុជា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវូស៊ូកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនី ចំនួន ៨ នាក់ ចូលរួមការប្រកួត INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026 លើប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង )៕





