អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ទីក្រុង Kyiv កំពុងព្យាយាមស្វែងរកការដោះដូរអ្នកទោស ខណៈរោងចក្រដែកថែបរងការឡោមព័ទ្ធរបស់កងកម្លាំងរុស្ស៊ីជិតបញ្ចប់។

ជោគវាសនារបស់ក្រុមអ្នកប្រយុទ្ធស្នេហាជាតិអ៊ុយក្រែននៅរោងចក្រដែកថែប Azovstal របស់ទីក្រុង Mariupol នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរាប់រយនាក់បានប្រគល់ខ្លួន និងត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយរុស្ស៊ី។ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ២៦៥នាក់បានប្រគល់ខ្លួនពីមូលដ្ឋានចុងក្រោយរងការឡោមព័ទ្ធក្នុងរោងចក្រដែកថែប ប៉ុន្មានម៉ោងក្រោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា បេសកកម្មដើម្បីការពាររោងចក្រនេះបានបញ្ចប់ហើយ ហើយក្រុមអ្នកប្រយុទ្ធមួយចំនួនត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិយាយថា អ្នកទាំងឡាយដែលបានប្រគល់ខ្លួនមាន ៥១នាក់របួសធ្ងន់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Novoazovsk ក្នុងតំបន់ Donetsk គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយប្រទេសរុស្ស៊ី។ ជោគវាសនារបស់ពួកគេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕
អត្ថបទ៖ សុខមាន