ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជនដែលបានចែកឋាន, នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ វេរបច្ច័យ ទេយ្យទាន ចង្ហាន់ ប្រគេនព្រះសង្ឃ ដឹកនាំដោយលោក James Mu នាយកប្រតិបត្តិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និងលោកស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល។
ព្រះគ្រូចៅអធិការ នៅវត្តជោតរតនៈសីលាកោះនរា បានមានសង្ឃដីកា ថ្លែងអំណរគុណដល់លោកជំទាវអគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់គ្រួសារបាយ័ន តែងតែកាន់វេនរាល់ឆ្នាំនៅវត្តកោះនរា រៀបចំចង្ហាន់ និងបច្ច័យប្រគេនព្រះសង្ឃនៅទីតាំងវត្តអារាមមួយនេះ ដោយសទ្ធាជ្រះថ្លា ហើយសទ្ធានេះ បានចូលរួមចំណែកទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងការកសាងសមិទ្ធផលនានានៅក្នុងវត្តកោះនរា។ ការចូលរួមរបស់ពុទ្ធបរិស័ទក្នុងរដូវបុណ្យនេះ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមក ដែលធ្វើបុណ្យឧទ្ទិសដល់សាច់ញាតិ ដែលចែកឋានទៅ និងធ្វើបុណ្យសន្សំកុសលតទៅជាតិមុខ និងសុំអោយជួបក្តីសុខចម្រើនជួបជុំក្រុមគ្រួសារ។
សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ប្រជាពុទ្ធបរិស័ទ ខ្មែរជាយូរមកហើយ៕








