ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលើផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកម្លាំងប្រចាំការលើផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លើករណីបុរសដែលយកដែកដាក់លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ PK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
ករណីខាងលើលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា ករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វើសកម្មភាពលួចដែកមូលដែលមានប្រវែង ៦ម៉ែត្រចំនួន២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថយន្ដបើកមកដល់បានគេចនឹងប៉ះបណ្ដាលឱ្យមានការព្រួយបារម្ភថាជាសកម្មភាពស្ទាក់ប្លន់រថយន្ដ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាកលេខសៀមរាប 2D-2010 រងការខូចខាតផ្នែកខាងមុខតែមិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេយោងតាមពាក្យបណ្ដឹងពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងដែកចំនួន ២ដើម បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕



