ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់អឺរ៉ុប បានបន្តសម្តែងការស្វាគមន៍ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ប្រទេសស្វីស នាពេលខាងមុខនេះ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភានេះ នៅទីក្រុងDavos ប្រទេសស្វីស។
តាមរយៈវីដេអូឃ្លីប ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង អាលីម៉ង់ អង់គ្លេស ហូឡង់ ប៊ែលហ្សិក និងប្រទេសស្វីស បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីដឹងដំណឹងថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសស្វីស នាពេលខាងមុខនេះ ហើយពលរដ្ឋខ្មែរដែលរស់នៅទីនោះ នឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនេះ។
ប្រជាពលរដ្ឋខ្មែរនៅបរទេសទាំងនេះ បានមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា ពិតជាមានសុខសន្តិភាព មានការអភិវឌ្ឍយ៉ាងច្រើនជាបន្តបន្ទាប់ រហូត ដល់មានឱកាសផ្តល់លទ្ធភាពឲ្យកូនខ្មែរបានរៀន និងធ្វើការនៅក្រៅប្រទេស ។
ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អឺរ៉ុប បានយល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន នេះ នឹងក្លាយជាឱកាសមួយ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសស្វីស និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក ខណៈកិច្ចប្រជុំដ៏ធំមួយនេះ នឹងមានថ្នាក់ដឹកនាំ បណ្តាប្រទេសនៅលើពិភពលោកចូលរួមនោះ៕អត្ថបទ៖ បាន ចក់