កណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងអ្នកម្ដាយលោកឪពុក លោកយាយ លោកតា ក្រុមការងារ និងពុទ្ធបរិស័ទ នៅថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធញាតិការ ដែលបានចែកឋានទៅកាន់លោកខាងមុខ ។
កម្មវិធីបុណ្យកាន់បិណ្ឌវេនទី៨ លោកជំទាវបណ្ឌិតអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រព្រះសង្ឃ ពូនភ្នំខ្សាច់បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ជាកិច្ចបញ្ចប់ពិធីបុណ្យ ។
សម្រាប់មហាកុសលកើតឡើងពីសទ្ធាជ្រះថ្លា នៃការថ្វាយចង្ហាន់ព្រះសង្ឃ និងផ្ដល់ទាន ក្នុងពិធីកាន់បិណ្ឌវេនទី៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧទ្ទិសបុណ្យ ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការទាំង៧សណ្ដាន រួមទាំងវីរយុទ្ធជនដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ការបូរណភាពទឹកដី និងប្រជាជនកម្ពុជា ។
បុណ្យកុសលនេះដែរលោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រពលរដ្ឋកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក និងវីរកងទ័ពកម្ពុជាគ្រប់ៗគ្នា ដែលកំពុងឈរជើងការពារទឹកដី ឱ្យជួបតែសេចក្តីសុខ សុភមង្គល ។
ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ព្រះប្រធានស្តីទីពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទឹកព្រះទ័យសប្បាយរីករាយ ដែលពុទ្ធបរិស័ទកម្ពុជានៅតែប្រកាន់ខ្ជាប់ និងប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ពីដូនតា ក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ហើយក៏ជាការបង្ហាញនូវការរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការថែរក្សាប្រពៃណីជាតិ ។
ព្រះអង្គក៏បានបង្ហាញការកោតសរសើរ ចំពោះថ្នាក់ដឹកនាំកម្ពុជា ជាក់ស្ដែងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែធ្វើបុណ្យទានតាមបែបព្រះពុទ្ធសាសនា និងការដាក់វេនកាន់បិណ្ឌ ដែលនេះ គឺជាគំរូវីរភាពនៃប្រជាជនខ្មែរ និងកាន់តែបង្ហាញថា ព្រះសាសនានៅក្នុងប្រទេសកម្ពុជា នៅតែរឹងមាំ ។
ជាការពិតណាស់ ពិធីបុណ្យភ្ជុំបិណ្ឌ ឬ សម័យមុនហៅថា បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយតាំងពីសម័យអង្គរមកម្ល៉េះ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ៕ អត្ថបទ បាន សុខរិទ្ធិ









