ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលមានអត្តពលិកជាតិ-អន្ដរជាតិជាង ២ពាន់នាក់មកពី ២៦ប្រទេសបានមកជួបជុំគ្នារត់កម្សាន្ដ លើទីតាំងដែលជារមណីយដ្ឋានធម្មជាតិផង ប្រវត្តិសាស្ដ្រ និងជាតំបន់អេកូទេសចរណ៍ដ៏ពិសេសនៃព្រះរាជាណាចក្រកម្ពុជា។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ដែលរៀបចំដោយសណ្ឋាគារសុខា និងក្រុមហ៊ុន Nexsports ដោយមានការគាំទ្រពីក្រសួង និងអាជ្ញាធរខេត្ត នៅថ្ងៃទី៤ ខែតុលានេះ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងអ្នកចូលរួម។
ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍នេះ បានក្លាយជាយុទ្ធនាការដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ពិសេសក្នុងរដូវកាលបៃតង ខណៈក្រសួង បានសហការជាមួយរដ្ឋបាលខេត្តកំពត កំពុងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតំបន់ឆ្នេរ ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានកម្មវិធីអមជាច្រើន រួមទាំងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះផងដែរ។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ មិនត្រឹមជាសកម្មភាពកីឡាដើម្បីសុខភាព និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្ដែគឺជាយុទ្ធនាការដ៏សំខាន់ក្នុងការផ្សារភ្ជាប់កីឡាទៅនឹងការអភិរក្សបរិស្ថាន ការថែរក្សាធនធានធម្មជាតិ និងការបណ្ដុះស្មារតីស្រលាញ់ធម្មជាតិ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចផងដែរ ។ ដូច្នេះការរៀបំព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់យ៉ាងសំខាន់ ទាំងវិស័យទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ៅ ធនិន ក៏បានសម្ដែងក្ដីរីករាយ ចំពោះកិច្ចសហការរៀបចំឲ្យមានព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ដែលមិនត្រឹមផ្ដល់នូវសុខភាពល្អ តែក៏ជាកត្ដារួមចំណែកផ្សព្វផ្សាយពីសក្ដានុពលលើភ្នំបូកគោ ហើយទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិមកលេងកម្សាន្ដកាន់តែច្រើន ពិសេសភ្ញៀវមកពីសហគមន៍អឺរ៉ុប ដែលបានប្រសិទ្ធនាមបរិស្ថានខេត្តកំពត ជាឱសថព្យាបាលជំងឺផ្លូវដង្ហើមដ៏មានប្រសិទ្ធភាព ក្រោយខ្យល់សមុទ្រត្រូវបានរែងស្ទៃដោយធម្មជាតិលើភ្នំបូកគោ មុនចាក់លំហូរចូលទៅកាន់ទីប្រជុំជន ដែលពោរពេញដោយខ្យល់បរសិទ្ធ។
ទន្ទឹមជាមួយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ទេសចរណ៍បែបផ្សងព្រេងនេះ ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត សង្ឃឹមថា ទាំងរដ្ឋ និងវិស័យឯកជន នឹងបន្ដរៀបចំឲ្យមានព្រឹត្តិការណ៍បន្ដបន្ទាប់ទៀត ពិសេសនៅលើភ្នំបូកគោ ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល នូវតំបន់ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ដ្រ ជាច្រើន ទៅកាន់ពិភពលោក ហើយទាក់ទាញត្រឡប់មកនូវភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិជាច្រើនមកលេងកម្សាន្ដ ហើយទទួលបាននូវបទពិសោធន៍ថ្មី និងអស្ចារ្យជាមួយតំបន់អេកូទេសចរណ៍ធម្មជាតិនេះ។
ជាមួយគ្នានោះដែរ បន្ទាប់ពីអញ្ជើញចូលរួមព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ឯកឧត្តម ហួត ហាក់ អមដំណើរដោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ចនៅតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនផងដែរ ក្នុងនោះក៏មានដំណាក់ស្លាខ្មៅ ដែលត្រូវបានកសាងឡើងពីថ្មបាយអរ និងបិទឈើស្លាខ្មៅក្នុងឆ្នាំ១៩៣៦ សម្រាប់ជាព្រះរាជដំណាក់ សម្រាកលំហែព្រះកាយរបស់ព្រះបរមរតនកោដ្ឋ ផងដែរ។
គួរដឹងថា ព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូក គឺជាកម្មវិធីអមដ៏ធំមួយ នៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្ដានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» ខណៈ ២ថ្ងៃដំបូង ពោលគឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា ព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិប្រមាណជាង ៥៥,០០០នាក់ ហើយថ្ងៃទី៤ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រំពឹងនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិលើសពី ៣ម៉ឺននាក់បន្ថែមទៀត៕ អត្ថបទ លី ឈុនឡា





