នេះជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ផលិតផលជាតិ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ ក្នុងគោលបំណងពង្រឹងអត្តសញ្ញាណ លើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ នៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់។
ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា «ក្រូចពោធិ៍សាត់» មានលក្ខណៈពិសេសមួយចំនួន រួមមាន៖ មានរសជាតិជូរអែម ឆ្ងាញ់ពិសា, មានសំបកពណ៌បៃតង ពណ៌លឿង ឬពណ៌លឿងទុំ ដែលមានផ្ទៃរលោង ឬគ្រើមតិចៗ និងមានកំពឹសទន់ ទឹកច្រើន ឬកំពឹសរឹង សាច់ច្រើន។
បច្ចុប្បន្ននេះ ដំណាំក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុបចំនួន ៣,០៤៧ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ៩៣៨ ហិកតា ដោយផ្តល់បរិមាណផលប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ។ សម្រាប់ការប្រមូលផលវិញ គឺមានរយៈពេល ៨ ខែ ចាប់ពីខែមិថុនា រហូតដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដោយផ្តល់ទិន្នផលជាមធ្យមចន្លោះពី ១២ ទៅ ១៦ តោន ក្នុងមួយហិកតា។
សូមជំរាបជូនថា របត់ថ្មីនៃការចុះបញ្ជីជាម៉ាកសមូហភាពនេះ មិនត្រឹមតែជាមោទនភាពនៃកសិផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាឧបករណ៍សេដ្ឋកិច្ចដ៏មានឥទ្ធិពល ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មក្រូចពោធិ៍សាត់ឱ្យកាន់តែមាននិរន្តរភាព និងពង្រីកសក្តានុពលទីផ្សារឱ្យកាន់តែទូលំទូលាយថែមទៀត៕
