អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែនកំពុងធ្វើការដើម្បីនាំយកទាហានរបស់ខ្លួន ដែលនៅសេសសល់ទាំងអស់ចេញពីរោងចក្រដែក Azovstal ដោយសុវត្ថិភាព។ លោកបាននិយាយនៅក្នុងវីដេអូថា បេសកកម្មជម្លៀសកំពុងបន្ត។ វាត្រូវបានត្រួតពិនិត្យដោយមន្ត្រីយោធា និងចារកម្មរបស់យើង ហើយអ្នកសម្រុះសម្រួលអន្តរជាតិដែលមានឥទ្ធិពលបំផុតក៏បានមកចូលរួម។

លោក Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលនៅក្រុង Lviv ភាគខាងលិច និងតំបន់ Sumy ព្រមទាំងតំបន់ Chernihiv ភាគឦសាន និងបានវាយប្រហារតាមអាកាសនៅតំបន់ Luhansk ភាគខាងកើត។ តំបន់ជាប់ព្រំដែនអ៊ុយក្រែនបានឃើញពីសកម្មភាពបំផ្លាញរបស់រុស្ស៊ី។ ទាហានអ៊ុយក្រែនបន្ថែមទៀតត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol កាលពីថ្ងៃអង្គារ។ រថយន្តក្រុងជាច្រើនគ្រឿងដែលអមដោយរថយន្តយោធារុស្ស៊ី ត្រូវបានគេមើលឃើញថាបានចេញមកពីរោងចក្រដែកថែប Azovstal។ ទាហានអ៊ុយក្រែនត្រូវបានគេនាំទៅកាន់ទីក្រុង Olenivka គ្រប់គ្រងដោយរុស្ស៊ី។
អ្នកប្រយុទ្ធអ៊ុយក្រែនជាង ២៦០នាក់ដែលមួយចំនួនបានរងរបួសធ្ងន់ បានចាកចេញពីអគារបាក់បែកនៃរោងចក្រ Azovstal ហើយបានប្រគល់ខ្លួនទៅឱ្យភាគីរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងដែលបានចរចាដោយភាគីសង្គ្រាម។ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីនាំយកទាហានដែលនៅសេសសល់ ចេញពីរោងចក្រដែក៕
អត្ថបទ៖ ប៊ុនថន