ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោកស្រី សែម សុខគា ដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចហើយចូលមកជួបក្រុមការងារខេត្តដោះស្រាយបញ្ហាដីធ្លី ខណៈសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូនចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។
សម្ដេចធិបតីបានថ្លែងថា៖«ដូចខ្ញុំបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។»។
តាមរយៈសារសម្ដេចធិបតី ក៏បានអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តម កែវ រតនៈ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍អាចទៅកម្សាន្តបាន»៕


