ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ច នឹងចាប់ផ្តើមចុះត្រួតពិនិត្យទីតាំងកាស៊ីណូនៅទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ ដើម្បីធានាថា មិនមានការលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ខុសពីការកំណត់របស់រាជរដ្ឋាភិបាល។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យបញ្ឈប់ការផ្តល់អាជ្ញាបណ្ណសម្រាប់ល្បែងតាមប្រព័ន្ធអនឡាញ។

ការប្រកាសធ្វើឡើងនៅក្នុងប្រជុំមួយថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមកពីរាជធានី-ខេត្តចំនួន ១៦ ដែលមានទីតាំងកាស៊ីណូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៧ខែតុលា ឆ្នាំ២០២៦នេះ នៅលើបណ្តាញសង្គមផ្លូវការរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក.។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. អមដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងចំនួន ២ គឺទី១- ដើម្បីផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ និង ទី២-ការរៀបចំក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យទីតាំងកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ សំដៅធានាពុំមានការលបលួចបើកដំណើរការល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាស៊ីណូចំនួន ២៤កន្លែង នៅក្នុងខេត្តព្រះសីហនុ បន្ទាយមានជ័យ និងស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ បន្ទាប់ពីឱសានវាទបានផុតកំណត់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កាស៊ីណូចំនួន ១៨ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានដកហូតអាជ្ញាបណ្ណ ខណៈកាស៊ីណូចំនួន ៩ ផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងកំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីប្រមូលភស្តុតាង មុនឈានទៅដល់ការសម្រេចដកហូតអាជ្ញាបណ្ណ។នេះបើតាមអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៕ អត្ថបទ៖ ធូ វិរៈ


