មណ្ឌលគិរី៖ ក្រុមកសិករដែលមានបទពិសោធន៍លើការងារដាំបន្លែមកពីតាមបណ្ដាខេត្តផ្សេងៗ និងដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវគោលបំណងក្នុងការជួយកសិករនៅខេត្តមណ្ឌលគិរីផលិតបន្លែឲ្យបានគ្រប់រដូវកាល និងគ្រប់តម្រូវការ ពិសេសបន្លែសុវត្ថិភាពក្នុងរោងសំណាញ់ ព្រោះថាខេត្តភូមិភាគឦសាន្តមួយនេះ ពិបាកផលិតបន្លែនារដូវវស្សា ហើយមិនអាចនាំចេញក្រៅខេត្តបាន។
ក្នុងពេលសិក្សាពីស្ថានភាពដាំបន្លែ នៅខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ លោក ជូ មករា ប្រធានសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា ខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ មានការផុលផុសច្រើនពីអ្នកប្រើប្រាស់បន្លែសុវត្ថិភាព ដោយបានឲ្យតម្លៃ និងទទួលស្គាល់ពីគុណភាពបន្លែដាំដុះនៅខេត្តនេះ ដែលដីមានជីជាតិខ្លាំង ហើយវាក៏អំណោយផលផងដែរ ក្នុងការដាំបន្លែសុវត្ថិភាព ។
លោកបានបន្តថា បើធៀបនឹងខេត្តផ្សេងៗ មណ្ឌលគិរី មានផលលំបាកច្រើន ក្នុងការដាំបន្លែ ហើយរោងសំណាញ់ ដើម្បីដាំបន្លែសុវត្ថិភាព ក៏នៅមានតិចតួចចំនួនកសិករជំនាញដាំបន្លែក៏នៅមានកម្រិត ដែលមានទាំងបច្ចេកទេស ស្ដង់ដារ និងផែនការផលិតកម្ម ជាដើម ដោយពួកគេមិនទាន់អាចផលិតបន្លែគ្រប់តាមតម្រូវការ។
លោក ជូ មករា បានបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី ជាខេត្តទី៤ហើយ ដែលសហភាពរបស់លោក ចង់ប្រមូលផ្ដុំ ដើម្បីជួយបង្រៀនបច្ចេកទេសដាំបន្លែសុវត្ថិភាព ផលិតបន្លែ និងផ្គត់ផ្គង់ទីផ្សារឲ្យមាននិរន្តរភាព បន្ទាប់ពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ក្នុងពេលជួបជជែកពីគម្រោងដាំបន្លែនៅក្នុងខេត្តមណ្ឌលគិរី ជាមួយក្រុមការងារសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក ហាន សុភក្តិ បានបង្ហាញនូវគាំទ្រចំពោះសហភាព ព្រោះបើគម្រោងនេះអនុវត្តបានជោគជ័យ នឹងជួយធ្វើឲ្យប្រជាពលរដ្ឋប្រកបរបរដាំបន្លែ មានជីវភាពល្អប្រសើរឡើង ។
លោកបានបន្ថែមថា នៅខេត្តមណ្ឌលគិរី តំបន់ខ្លះ ទោះជាសម្បូរដោយភ្នំ ប៉ុន្តែមានទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រពដំណាំបន្លែ ហើយទន្ទឹមនេះ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍នានា ក៏បានជួយផងដែរនូវបច្ចេកទេសដាំបន្លែ និងការផ្ដល់រោងសំណាញ់ ដើម្បីដាំបន្លែសុវត្ថិភាព។
កសិករមួយចំនួន បានបញ្ជាក់ថា ខេត្តមួយនេះ ពិបាកខ្លាំងណាស់ក្នុងការដាំបន្លែនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីខែមេសា រហូតដល់ខែកញ្ញា៕ អត្ថបទ៖ បាន សុខរិទ្ធ