សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងយន្តការដោះស្រាយបញ្ហាព្រំដែនគោកជាមួយប្រទេសថៃនេះ សម្ដេចក៏បានលើកសំណូមពរឱ្យមានក្រុមអ្នកសង្កេតការអាស៊ាន (AOT) ទាំងសងខាងចូលរួមសង្កេតការណ៍ធ្វើសាក្សីពេលវាស់វែងបង្គោលដែនប្រទេសទាំងពីរលើកក្រោយផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។
សម្តេចធិបតី បានគូសបញ្ជាក់ថា ការស្នើឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមនេះ គឺដើម្បីធ្វើជាសាក្សីត្រួតពិនិត្យរួមគ្នាឱ្យបានច្បាស់លាស់ ខណៈនាពេលកន្លងមក កម្ពុជាក៏បាននាំក្រុម AOT ទៅពិនិត្យមើលគ្រប់ទីកន្លែងរួចរាល់ផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖«ខ្ញុំធ្លាប់បានលើកសំណូមពរ នៅពេលដែលវាស់វែងព្រំដែនគោករវាងកម្ពុជា-ថៃ នៅពេលក្រោយ គឺត្រូវមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ទាំងសងខាងចូលរួមធ្វើជាសាក្សី ដើម្បីត្រួតពិនិត្យមើល, កម្ពុជាក៏បាននាំក្រុម AOT ទៅមើលគ្រប់កន្លែងហើយ»។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានប្រកាសអំពីការដោះស្រាយ និងតស៊ូមតិលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺធ្វើឡើងផ្អែកតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារអធិបតេយ្យភាពជាតិ ដោយចាត់ទុកទឹកដី និងប្រជាជនជាអាទិភាពចម្បងបំផុត៕


