នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដ៏មានអត្ថន័យជ្រាលជ្រៅមួយ ជូនដល់និវត្តន៍ជនជាសិល្បករ សិប្បករ ដែលមានវិជ្ជាជីវៈលើវិស័យវប្បធម៌ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ សរុបចំនួន ២៥១នាក់ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ព្រឹត្តិការណ៍មនុស្សធម៌នេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អ្នកសិល្បៈជើងចាស់គ្រប់រូប ជាពិសេសនៅក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៦ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ថ្លែងមតិស្វាគមន៍ និងរាយការណ៍នៅក្នុងពិធី ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា និវត្តន៍ជនជាសិល្បករ សិប្បករ ទាំង ២៥១នាក់ ដែលមកទទួលអំណោយនាពេលនេះ មានមកពីរាជធានីភ្នំពេញ ២២៥នាក់ និងខេត្តកណ្តាល ២៦នាក់ ក្នុងនោះមានព្រឹទ្ធាចារ្យមរតកមនុស្សរស់ចំនួន ៦រូបផងដែរ។ ឯកឧត្តមបានបន្តថា ពួកគាត់គឺជាបុគ្គលិកបម្រើការងារលើ វិស័យវប្បធម៌សិល្បៈអតីតកាល ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងទេពកោសល្យពេញមួយជីវិត ក្នុងការបម្រើអារម្មណ៍សាធារណជន ក៏ដូចជារួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិខ្មែរឱ្យបានគង់វង្ស និងផ្ទេរមរតកនេះដល់កូនចៅជំនាន់ក្រោយ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍សួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកពូ អ្នកមីង បងប្អូនសិល្បករ-សិប្បករទាំងអស់។ លោកជំទាវបានលើកឡើងថា ចាស់ព្រឹទ្ធាចារ្យសិល្បករទាំងអស់គឺជា "សាក្សីរស់នៃប្រវត្តិសាស្ត្រ" និងជាទ្រព្យធនមនុស្សដ៏មានតម្លៃ និងកម្រ ដែលបានឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើន រហូតមកបង្កើត និងស្តារវិស័យសិល្បៈវប្បធម៌ជាតិឡើងវិញ។ លោកជំទាវក៏បានរំឭកពីមូលបទ នៃទិវាមនុស្សចាស់ឆ្នាំនេះ គឺ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯមនុស្សចាស់មានបទពិសោធន៍» ព្រមទាំងបានអប់រំ និងក្រើនរំឭក ដល់អ្នកសិល្បៈជើងចាស់ទាំងអស់ ឱ្យយកចិត្តទុកដាក់លើសុខភាព និងការថែទាំជំងឺមិនឆ្លងផ្សេងៗផងដែរ។
គូសបញ្ជាក់ផងដែរថា នៅក្នុងឱកាសដ៏មានអត្ថន័យនេះ និវត្តន៍ជនជាសិល្បករ សិប្បករ ទាំង ២៥១នាក់ ក្នុងម្នាក់ៗទទួលបានអំណោយមនុស្សធម៌រួមមាន៖ អង្គរ ៣០គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ភេសជ្ជៈពូការីស្វែត ១កេះ, សប៊ូកក់សក់ និងសប៊ូដុសខ្លួន, ព្រមទាំងកញ្ចប់មុង ភួយ សារុង ក្រមា, ថវិកា និងអាហារសម្រន់មួយចំនួនទៀតផងដែរ។ រាល់អំណោយ និងការយកចិត្តទុកដាក់ទាំងនេះ បានបង្កើតនូវស្នាមញញឹម ក្តីសង្ឃឹម និងភាពកក់ក្តៅយ៉ាងជ្រាលជ្រៅដល់អ្នកសិល្បៈជើងចាស់កម្ពុជាគ្រប់ៗរូប៕ អត្ថបទ៖ សំ ងីម






