សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកយកទស្សនវិជ្ជាមួយមិនថា ប្រទេសធំ ឬប្រទេសតូចក្រីក្រ មិនថាមនុស្សវ័យចាស់ ឬក៏វ័យក្មេង គឺ «ស្មើភាព ស្មើសិទ្ធិ»។ ទស្សនវិជ្ជានេះត្រូវបានសម្ដេចចាប់យក អំឡុងជំនួបចរចាការទូតជាមួយមន្ត្រីការទូតសូវៀត ក្នុងឆ្នាំ១៩៧៩។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។ អ្នកទទួល ខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឈ្មោះ អង់ដ្រេ ក្រូមីកូ
(Andre Gromyko)។ លោកអង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩ ដែលពេលនោះគាត់មានអាយុ៧០ឆ្នាំ ឯខ្ញុំកើតឆ្នាំ១៩៥២ ទើបអាយុ២៧ឆ្នាំ។»
សម្ដេចតេជោបន្តថា ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុករបស់សម្ដេច និងតំណាងឲ្យប្រទេសមហាអំណាចលើពិភពលោក និងម្ខាងទៀត គឺរូបសម្ដេចផ្ទាល់ជាយុវជនទើបមានអាយុ ២៧ឆ្នាំ តំណាងឲ្យប្រទេសតូច និងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចបន្តទៀតថា មុនជំនួបនោះសម្ដេចពិតជាបារម្ភ ព្រោះជារដ្ឋមន្ត្រីក្មេងទាំងអាយុក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូតត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំសហរដ្ឋអាមេរិកក្នុងដំណាក់កាលសង្គ្រាមលោក លើកទី២ (១៩៤៣ ដល់
១៩៤៦)។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ក្នុងពេលកំពុងតែគិតនោះសម្ដេចបានក្រឡេកឃើញរថយន្តដែលសម្ដេចជិះមានទង់ជាតិពីរខាងឆ្វេងជាទង់ជាតិសហភាពសូវៀតចំណែកខាងស្តាំជាទង់ជាតិកម្ពុជា។ ពេលឃើញបែបនេះ សម្ដេចក្លាហានភ្លាមដោយគិតថា ទោះក្មេង និងប្រទេសតូចក្រីក្រក៏តំណាងឲ្យរដ្ឋអធិបតេយ្យមួយ ឯវ័យចំណាស់ប្រទេសធំ និងមានក៏ជាតំណាងឲ្យរដ្ឋអធិបតេយ្យមួយដូចគ្នា។ ដូច្នេះហើយសម្ដេចក៏បាន ចាប់យកទស្សនវិជ្ជា«ស្មើភាពស្មើសិទ្ធិ» រៀងរហូតមក៕
