គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាពទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ (PCA) នាទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃទី១១ខែតុលាម្សិលមិញនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចេញទៅចូលរួមកិច្ចប្រជុំលើកទី២នេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។

សូមរម្លឹកថា កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភ្នាក់ងារតំណាងកម្ពុជា ខណៈភាគីថៃដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ស៊ីហាស័ក្ត ភួងកេតកែវ។

គណៈកម្មការផ្សះផ្សាមានសមាជិក ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper នៃប្រទេសអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកមកពី ដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។ នេះជាយន្តការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលគណៈកម្មការអព្យាក្រឹតអាចស្តាប់ភាគីទាំងពីរ ពិនិត្យបញ្ហាផ្នែកច្បាប់ និងអង្គហេតុ ស្វែងរកចំណុចដែលអាចឯកភាពគ្នា និងដាក់សំណើ ឬអនុសាសន៍សម្រាប់ដំណោះស្រាយដោយសន្តិវិធី៕




