ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាបុណ្យធំរបស់ពលរដ្ឋខ្មែរ និងជាតិសាសន៍មួយចំនួនដែលជាអ្នកកាន់សាសនាព្រះពុទ្ធ ត្រូវបានបញ្ចប់ ក្នុងភាពអធិកអធម ដោយធានាបានសន្តិសុខល្អប្រសើរ បន្ទាប់ពីពុទ្ធបរិស័ទប្រតិបត្តិរយៈពេល១៥ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ។

ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដិការបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រារព្វធ្វើឡើងនៅក្នុងប្រទេសមានសន្តិភាព និងជីវភាពពលរដ្ឋ ត្រូវបានលើកកំពស់ ហើយនៅ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅក្នុងខេត្តស្វាយរៀង គ្រប់វត្តអារាមទាំង២៤៥វត្ត ព្រះសង្ឃទទួលបានចង្ហាន់គ្រប់គ្រាន់ពុំមានវត្តណាមួយប្រឈមកង្វះខាតចង្ហាន់នោះទេ។

ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដិការបញ្ជាក់បន្ថែមថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានអត្ថប្រយោជន៍ ៣ជាសំខាន់ ទី១គឺ រំលឹកគុណ ចំពោះបុព្វការីជន ពីព្រោះនៅក្នុងព្រះពុទ្ធសាសនាតែងតែសរសើរ នូវបុគ្គលដែលជាអ្នកមានធម៌កតញ្ញុកតទេវី គឺការនឹករលឹកចំពោះគុណបការះ ចំពោះលោកដែលមានគុណ ទីពីរ ការប្រារព្វពិធីបុណ្យគឺស្វែងរកបុណ្យកុសលសម្រាប់យើងទាំងអស់គ្នា ពីព្រោះថាជីវិតសង្ខារបស់យើងមិនទៀងទាត់ឋិតថេរជានិច្ចជាកាលឡើង តែងតែមកដល់នូវសេចក្តីស្លាប់ជាទីបញ្ចប់ និងអត្ថប្រយោជន៍ទី៣ គឺសាមគ្គីធម៌ រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រោះពុទ្ធបរិស័ទជាអ្នកមានការទំនុកបំរុងជាមួយព្រះសង្ឃ ហើយព្រះសង្ឃក៏រស់នៅដោយសារអាស្រ័យលើអាហារបិណ្ឌបាតពីពុទ្ធបរិស័ទដែរ៕ អត្ថបទ៖ ភា សារិត




