ភ្នំពេញ៖ សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ បានជួយសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬប្រមាណ ៣លានដុល្លារអាម៉េរិកកាលពីចូលឆ្នាំថ្មី ដែលសម្រាប់ឱកាសភ្ជុំបិណ្ឌនេះក៏មិនខុសគ្នាប៉ុន្មានដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទប្រចាំថ្ងៃ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេវាឡានក្រុងសាធារណៈរបស់រដ្ឋ បាននិងកំពុងដំណើរការយ៉ាងមមាញឹកដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត និងចូលរាជធានីវិញដោយសុវត្ថិភាព និងផាសុកភាព ដែលរដ្ឋផ្ដល់ជូនពលរដ្ឋ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា នេះ ។
ឯកឧត្តម បានបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ឱ្យរដ្ឋបាលសាលារាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើតដើម្បីជួបជុំគ្រួសារ និងចូលរួមពិធីបុណ្យតាមប្រពៃណីជាតិ។ តាមរយៈរថយន្តក្រុងឥតគិតថ្លៃ ប្រជាពលរដ្ឋ អាចសន្សំថវិកាសម្រាប់ពិធីបុណ្យ និងការជួបជុំកម្សាន្តសប្បាយជាមួយក្រុមគ្រួសារជាជំនួសវិញ។ ក្រៅពីចេញសោហ៊ុយធ្វើដំណើរជំនួសពលរដ្ឋ រាជរដ្ឋាភិបាល ក៏បានជួយចេញថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយកាត់បន្ថយការចំណាយលើភ្លើងអគ្គិសនី និងប្រេងឥន្ធនៈ តាមរយៈការឧបត្ថម្ភធន់ និងការកាត់ពន្ធអាករផ្សេងៗជាច្រើនលើប្រេងសាំង និងប្រេងម៉ាស៊ូត។ ជាក់ស្ដែង ក្នុងរយៈពេលបីឆ្នាំចុងក្រោយ រដ្ឋបានចំណាយថវិកាជិត៥០០លានដុល្លារ ដើម្បីបញ្ចុះតម្លៃអគ្គិសនី ប្រេងសាំង ម៉ាស៊ូត ក៏ដូចជាឧស្ម័នឥន្ធនៈ ពោលគឺរដ្ឋទទួលបន្ទុកបង់ថ្លៃមួយចំនួនជំនួសប្រជាពលរដ្ឋ។ ការផ្ដល់សេវារថយន្តក្រុង ត្រូវបានរាជរដ្ឋាភិបាលធ្វើឡើងនៅក្នុងពិធីបុណ្យធំៗប្រពៃណីជាតិ ដូចជា បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ ដើម្បីជួយកាត់បន្ថយការចំណាយ។ យោងតាមកាប៉ាន់ប្រមាណកាលពីចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ មានពលរដ្ឋប្រមាណ១២ម៉ឺនាក់ បានប្រើប្រាស់សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ ។ បើគិតជាសោហ៊ុយធ្វើដំណើរប្រមាណ១២ពាន់លានរៀល ឬ៣លានដុល្លារ អាម៉េរិក ។ ប៉ុន្តែសោហ៊ុយនេះ ត្រូវបានរាជរដ្ឋាភិបាលចេញជំនួសទាំងស្រុង នេះជាផលចំណេញជាក់ស្ដែងដែលប្រជាពលរដ្ឋទទួលបានពីរាជរដ្ឋាភិបាល ហើយឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ការផ្ដល់ជូនក៏មិនខុសពីចូលឆ្នាំថ្មីនោះដែរ៕



