ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជំនាញ នាព្រឹកថ្ងៃទី១២ ខែតុលា នេះ បានអញ្ជើញដល់ ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ទៅកាន់ប្រទេសហូឡង់ហើយ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

កិច្ចប្រជុំជាលើកទីពីរនេះ គឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលបានផ្តួចផ្តើមឡើងដោយប្រទេសកម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រនៃប្រទេសទាំងពីរ។ កិច្ចប្រជុំជាលើកទីពីរនេះ នឹងប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ PCA ។ កិច្ចប្រជុំលើកនេះ នឹងផ្តល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ដែនសមុទ្រ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ផងដែរថា ឯកឧត្តមប្រាក់ សុខុន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា អមដោយឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររងនឹងដឹកនាំគណៈប្រតិភូមន្រ្តីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំខាងលើនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី ហើយកម្ពុជានឹងចូលរួមកិច្ចប្រជុំនេះក្នុងស្មារតីស្មោះត្រង់ សហការ និងគោរពគ្នាទៅវិញទៅមក ហើយត្រៀមធ្វើការជាមួយគណៈកម្មការផ្សះផ្សា និងប្រទេសថៃ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែង៕ អត្ថបទ៖ វ៉ាន់


