ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃនេះ បានប្រកាសដាក់ឱ្យដំណើរការការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ ជាជម្រើសបន្ថែម តាមរយៈគេហទំព័រ៖ www.nmsc.gov.kh ។
នៅពេលកំពុងដំណើរការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា និងដើម្បីសម្រួលដល់ដំណើរការនេះ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៣ ខែតុលា នេះ បានប្រកាសបើកដំណើរការការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញជាជម្រើសបន្ថែមសម្រាប់យុវជនស្ម័គ្រ ដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា។
ការទទួលពាក្យចូលបំពេញកាតព្វកិច្ចយោធា បានចាប់ពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ នៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ។
ចាប់តាំងពីថ្ងៃបើកឱ្យទទួលពាក្យសុំចូលបំពេញកាតព្វយោធា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៩ ខែតុលា មក គឺមានយុវជនជាច្រើនផុលផុសចូលទៅទទួលពាក្យ និងចាប់ពីថ្ងៃទី១០ ខែតុលា នេះមកដែរ គឺផុលផុសក្នុងការយកពាក្យដែលបានបំពេញហើយទៅដាក់ទៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ដោយចិត្តក្លាហាន ដើម្បីចូលបម្រើជាតិ ដែលកំពុងតែត្រូវការពួកគេ ក្នុងនាមជាអ្នកបន្តវេន ដោយមិនគេចវេសនោះឡើយ៕ អត្ថបទ៖ វ៉ាន់
