ពលរដ្ឋមួយចំនួននៅតាមរាជធានី-ខេត្ត ទទួលបានឱកាសធ្វើដំណើរកម្សាន្តទេសចរណ៍ទៅតាមគោលដៅទេសចរណ៍ផ្សេងៗ ដោយក្តីសប្បាយរីករាយបំផុត តាមរយៈការធ្វើដំណើរតាមរថយន្តក្រុង ដោយមិនគិតថ្លៃ របស់រាជរដ្ឋាភិបាល។ សេវារថយន្តក្រុងនេះ បានជួយពួកគេឱ្យសល់សោហ៊ុយដែលនឹងត្រូវចំណាយលើការធ្វើដំណើរនេះទៅប្រើប្រាស់លើតម្រូវការអ្វីផ្សេង។

ពលរដ្ឋមកពីតាមខេត្តនានា បានថ្លែងប្រាប់BTV ចំណតរថយន្តក្រុងផ្លូវ២០០៤ ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ នៅថ្ងៃទី១២ ខែតុលានេះថា ក្នុងរយៈពេល៥ថ្ងៃមកហើយ ដែលគេបានប្រើប្រាស់សេវារថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយមិនមានការគិតថ្លៃ ធ្វើដំណើរកម្សាន្តទេសចរណ៍ទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ហើយថវិកាដែលសល់ពីការជិះរថយន្តក្រុងដោយមិនគិតថ្លៃនេះ គឺគេបានយក ជួលបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ទិញអាហារហូបចុក ដើរកម្សាន្ត លំហែកាយ នៅតាមគោលដៅទេសចរណ៍នានា និងបានធ្វើឲ្យគេស្គាល់ទឹកដី សម្រស់ទេសភាពបៃតងដ៏ស្រស់ស្អាត និងភាពរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃនេះ ចំនួនប្រមាណ ៦០០គ្រឿង រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
បើតាមការឲ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដឹងថា គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ មានពលរដ្ឋជាង ៩ ១៩០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយមិនគិតថ្លៃនេះ៕ អត្ថបទ៖ ស៊ុម សុខជា





