ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមសរុបចំនួន ១៦០០លានរៀលទៀត ដល់បណ្តាខេត្តចំនួន១១ សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ។
បើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មានព្រឹកនេះថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានឲ្យរៀបចំចាត់ចែង ថវិកាបន្ថែម ជូនទៅកាន់បណ្តាខេត្តនានា សរុបចំនួន១១ខេត្ត សម្រាប់ត្រៀមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ខេត្តទាំង១១ ដែលទទួលបានថវិកាបន្ថែមរបស់សម្តេចតេជោ រួមមាន ៖ ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបានជំនួយ៣០០លានរៀល, ខេត្តពោធិ៍សាត់ ទទួលបានថវិកា២០០លានរៀល, ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល, ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល, ខេត្តស្វាយរៀង ទទួលបានថវិកា២០លានរៀល, ខេត្តព្រៃវែង ទទួលបានថវិកា៣០០លានរៀល, ខេត្តក្រចេះ ទទួលបានថវិកា៤០លានរៀល, ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល, ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៣០លានរៀល និងខេត្តសៀមរាប ទទួលបានថវិកា២០០លានរៀល។ ហើយខេត្តទាំង១១នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន១១០១០នាក់៕
អត្ថបទ រដ្ឋា