អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា «ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថាជាអ្នកបង្កហេតុមុនប្រាកដមែន»។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីការបរទេសថៃ ដែលជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោកសម រង្ស៊ី ថា «កម្ពុជាជាអ្នកបាញ់មុន...» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិនដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានណាឡើយក្នុងអំឡុងពី ៦ទៅ៩ខែចុងក្រោយ ក្រៅពីប្រព័ន្ធឃោសនារបស់គាត់។
ឯកឧត្តមអ្នកនាំពាក្យបានបន្តថា តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែអតីតមន្ត្រីថៃរូបនោះបានបញ្ជាក់ថា លោក សម រង្ស៊ី និយាយក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំងថែមទៀត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅអតីតមន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅជារឿងផ្សេង។
ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា លោកសម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិចបង្វែរសាច់រឿងដើម្បីគេចពីការប្រឈមមុខជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀតដើម្បីទម្លាក់កំហុសមកលើកម្ពុជា និងការពារថៃ តាមទម្លាប់របស់គាត់ និងក្រុមរបស់គាត់នោះឡើយ។ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «ចក្រពង្សភូវនាថ»(Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមានផែនការទុកជាមុនរបស់ថៃដើម្បីឈ្លានបានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយពីទាហានខ្មែរមួយរូប គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃលបចូលមកបាញ់សម្លាប់ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ នៅលើទឹកដីកម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ។ ប៉ុន្តែ លោក សម រង្ស៊ី បែរជាបង្វែរសាច់រឿងមួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថាជាអ្នកបង្កហេតុមុនដដែល ដោយបំភ្លេចចោលទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ និងសម្តេចធិបតី ក៏ដូចជាវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលខិតខំយ៉ាងខ្លាំង និងយកទ្រូងទៅពាំងដើម្បីការពារបូរណភាពទឹកដី។
ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ចំពោះអ្វីដែលអតីតមន្ត្រីថៃនិយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និងមិនបានបង្ហាញសូម្បីតែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់ការពារថៃ ហើយប្រឆាំងផលប្រយោជន៍ជាតិខ្មែរយ៉ាងពិតប្រាកដដែលប្រជាជាតិខ្មែរមិនអាចទទួលយកបានឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជាជនក្បត់ជាតិដោយមិនអាចប្រកែកបាន។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធជាថ្មីយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី និងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើក្បត់ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និងសូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីថៃគឺជាអ្នកបាញ់មុន ហើយកម្ពុជាគឺជាជនរងគ្រោះ៕
