ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧ នឹងត្រូវធ្វើការប្រកួតកាត់សេចក្ដី សម្រាប់ជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នារសៀលថ្ងៃទី១៤ ខែតុលានេះ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សម្រាប់ជំនួបដ៏សំខាន់នៅរសៀលថ្ងៃពុធនេះ រួមមានក្រុមសមាគមបា់ទាត់ភូមិបាលស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែង នឹងត្រូវជួបក្រុមភ្ញៀវបាត់ដំបងយូណាយធីត នៅទីលានសាលាតម្រង់ទិសខេត្តស្ទឺងត្រែង បន្ទាប់ពីរងបរាជ័យក្រៅដី លើទឹដីខេត្តបាត់ដំបង ដោយលទ្ធផល ២-១ កាលពីជើងទី១។
ចំណែក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បន្ទាប់ពីយកឈុ្នះក្នុងដី ៦-២ កាលពីជើងទី២ នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ វិញម្ដង នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
រីឯក្រុមបាល់ទាត់ខេត្តកោះកុង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បន្ទាប់ពីយកឈ្នះក្រៅដី ២-១ កាលពីជើងទី១ ស្របពេលសមាគមកីឡាបាល់ទាត់ខេត្ដកណ្ដាល ត្រូវជួបក្រុមភ្ញៀវខេត្តព្រះសីហនុ បន្ទាប់ពីជើងទី១ បានយកឈ្នះក្រៅដី ដោយលទ្ធផល ៤-២។
ក្រោយបញ្ចប់ការប្រកួតកាត់សេចក្ដីនេះ ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតនាថ្ងៃទី២១ និងថ្ងៃទី២៨ ខែតុលាខាងមុខ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២៦/២៧ ។ លើសពីនេះ ក្រុមទទួលបានជ័យជម្នះក្នុងវគ្គ ៨ក្រុមចុងក្រោយ ក៏នឹងទទួលបានកៅអីលេងពានរង្វាន់ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា
