សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រលើមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ដោយឲ្យបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល»។
តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើម និងកសាងរូបសំណាក «បាតដៃសុភមង្គល» ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត និងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ។
សារទាំងស្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ « ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើម និងកសាងរូបសំណាក "បាតដៃសុភមង្គល" ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ។ »

