មន្ត្រីគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីបន្ថែមថា ជាលទ្ធផល ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន២០ ដុំ មានទម្ងន់សុទ្ធសរុប ៣៣ ០៧៣ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសំលៀកបំពាក់។

មន្ត្រីគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២នាក់ក្នុងករណីផ្សេងគ្នាចំនួនពីរ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបចំនួន ៨៥ ដុំ មានទម្ងន់សុទ្ធសរុប ៤៨ ១៥៨ ក្រាម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា ករណីទី១ គឺនៅវេលាម៉ោង ០៨:៣៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ ដុំ មានទម្ងន់សុទ្ធ ២៣ ០៤៦ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។ ករណីទី២ គឺនៅវេលាម៉ោង ២០:០៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ ដុំ មានទម្ងន់សុទ្ធសរុប ២៥ ១១២ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
មន្ដ្រីបន្ថែមថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕
