ប្រណាំងកង់៖ កីឡាករដាណឺម៉ាក Andreas Kron បានប្រជែងឈ្នះការប្រណាំងកង់ដំណាក់កាលទី១ នៃព្រឹត្តិការណ៍ Volta a Catalunya នៅលើទឹកដីអេស្ប៉ាញ។ ដំណាក់កាលដំបូងដែលមានចម្ងាយផ្លូវ ១៧៨.៤គីឡូម៉ែត្រ កីឡាកររបស់ក្រុម Lotto Soudal រូបនេះបានចំណាយពេល ៤ម៉ោង ២០នាទី ១៥វិនាទីដើម្បីមកដល់ទីព្រ័ត្រមុនគេ។

កីឡាករ ៣នាក់ផ្សេងទៀតបានបញ្ចប់លេខរៀងទី២ ដល់ទី៤ រួមមានកីឡាករអេស្ប៉ាញ Luis Leon Sanchez, កីឡាករបារាំង Remy Rochas និងកីឡាករអាល្លឺម៉ង់ Lennard Kamna សុទ្ធតែធ្វើបានថេរវេលាដូចៗគ្នា។ Andreas Kron បានឈរលើគេបណ្ដោះអាសន្នក្នុងតារាងរួម ដោយមាន ៤វិនាទីពីលើ Luis Leon Sanchez និង ៦វិនាទីពីលើ Remy Rochas។ ដោយឡែកជើងឯក Tour de France ៤សម័យ Chris Froome ធ្វើមិនបានល្អឡើយក្នុងដំណាក់កាលដំបូងនេះ ពោលគឺកីឡាករវ័យ ៣៥ឆ្នាំរូបនេះខាតបង់ពេលវេលាជាង ៨នាទីពីក្រោយអ្នកឈ្នះដំណាក់កាលដំបូង។ សំរាប់ដំណាក់កាលទី២ ថ្ងៃអង្គារនេះមានចម្ងាយផ្លូវត្រឹម ១៨.៥គីឡូម៉ែត្រ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ