ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shanghai Shenhua FC របស់ចិន ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលG នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ១ថ្ងៃ លោក Matthew McConkey គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកនេះ គឺជាការប្រកួតដ៏សំខាន់ សម្រាប់ជំនួបទល់ក្រុមខ្លាំង ដែលសម្បូរដោយកីឡាករមានគុណភាពល្អ តែយ៉ាងណាក្រុមនឹងព្យាយាមលេងតាមការរៀបចំ ហើយសង្ឃឹមក្រុមនឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។

ឆ្លៀតឱកាសនោះ លោកក៏បានរំឮកពីការប្រកួតអន្ដរជាតិ ២ប្រកួតចុងក្រោយទល់ក្លិប Machida Zelvia របស់ជប៉ុន ក៏ដូចជាការប្រកួតជាមួយក្លិប Johor Darul Ta'zim របស់ម៉ាឡេស៊ី ដែលក្រុមបានរងបរាជ័យ ហើយសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ ក្នុងការប្រកួតទល់ក្រុមខ្លាំងចិនយប់នេះ។
ដោយឡែកគ្រូបង្វឹកក្រុម Shanghai Shenhua FC លោក Vladan Milojevic វិញថា ជួបព្រះខ័នរាជស្វាយរៀង យប់នេះ ពិតជាសំខាន់ ហើយគ្រប់បេក្ខភាពក្នុងពូលG សុទ្ធតែជាក្រុមខ្លាំង។ តែយ៉ាងណាលោកជឿជាក់លើការរៀបចំ ដោយសង្ឃឹមនឹងទទួលបានលទ្ធផលល្អ ពិសេសជំនួបទល់ក្រុមជើងឯកលីគកំពូលកម្ពុជាយប់នេះ។
គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលG របស់ក្រុមទាំងពីរ បន្ទាប់ពីប្រកួតដំបូង ក្លិបព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ទល់ក្លិប Machida Zelvia របស់ជប៉ុន ដោយលទ្ធផល ២-០ ស្របពេលក្លិប Shanghai Shenhua FC បានយកឈ្នះក្រុមភ្ញៀវ Tampines Rovers ដោយលទ្ធផល ២-១។ ដំណាលគ្នានឹងការប្រកួតរវាងក្រុមជើងឯករងលីគកំពូលចិន និងក្រុមជើងឯកលីគកំពូលកម្ពុជាយប់នេះ ក្រុម Tampines Rovers ក៏នឹងត្រូវជួបក្រុមភ្ញៀវ Machida Zelvia ផងដែរ៕ អត្ថបទ លី ឈុនឡា






