បាល់បោះ៖ កីឡាករបាល់បោះ Jimmy Butler បានបោះបញ្ចូលកន្ត្រកម្នាក់ឯងដល់ទៅ ៤១ពិន្ទុខណៈដែល Miami Heat វាយបកយកឈ្នះ Boston Celtics ១១៨-១០៧ ប្រកួតទី១ នៃវគ្គ Play-Off ផ្តាច់ព្រ័ត្រក្របខណ្ឌ NBA ភាគខាងកើត។

ក្រោយលេងបាន ២វគ្គដំបូង Boston Celtics បាននាំមុខ ៨ពិន្ទុលើ Miami Heat តែនៅវគ្គទី៣ Miami Heat បាននាំមុខវិញ ៧៦-៦៤ ដោយក្នុងនោះ Jimmy Butler បោះបានម្នាក់ឯង ១៧ពិន្ទុក្នុងមួយវគ្គទី៣ នេះ។ នេះជាប្រកួតទី៥ សំរាប់ Jimmy Butler ដែលបោះបានពី ៤០ពិន្ទុឡើងបែបនេះក្នុងរដូវកាលនេះ។ ចំណែកឯ Boston Celtics វិញកីឡាករ Jayson Tatum ក៏ធ្វើបានល្អដែរក្នុងការប្រកួតនេះដោយបោះបាន ២៩ពិន្ទុ ៨បាល់រីបោន និង ៦បាល់បញ្ជូន។ យ៉ាងណាក្តី Boston Celtics ដែលឡើងមកកាន់វគ្គនេះ ក្រោយទំលាក់ក្រុមការពារតំណែងជើងឯក Milwaukee Bucks នោះមិនគេចផុតពីបរាជ័យក្នុងប្រកួតដំបូងនេះ។ ក្រុមទាំងពីរនឹងបន្តជួបគ្នាក្នុងប្រកួតទី២ នៃ Series ៧ប្រកួតនៅព្រឹកថ្ងៃសុក្រស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ