អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះថា ពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមដោយលោកជំទាវបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់កំពុងបន្តបេសកកម្មការទូតយ៉ាងមមាញឹកនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា មុននឹងបន្តដំណើរបេសកកម្មការទូតទៅកាន់សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បេសកកម្មការទូតនៅក្រៅប្រទេសរបស់សម្ដេចធិបតីនាពេលនេះ ក្រៅពីការពង្រឹង និងពង្រីកទំនាក់ទំនងការទូតទ្វេភាគី សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានទាក់ទាញវិនិយោគិន និងទេសចរណ៍ ដោយបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផលនិងការលើកទឹកចិត្ត, ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល, ការទទួលបានទីផ្សារក្នុងតំបន់និងសកល ជាដើម ដោយរាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានាបាននូវបទពិសោធន៍ដ៏រលូន និងជោគជ័យ។
ជាក់ស្ដែងក្នុងជំនួបពិភាក្សាទ្វេភាគីរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាបន្ថែមទៀត។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បន្តបេសកកម្មការទូតយ៉ាងមមាញឹកនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) មុននឹងបន្តដំណើរបេសកកម្មការទូតទៅកាន់សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថានចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់ប្រមុខរដ្ឋនៃប្រទេសទាំងបីនេះ៕













