ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បន្តនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីជោគវាសនាជាតិ។
ពលរដ្ឋរស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា នៅថ្ងៃនេះមកចុះឈ្មោះបោះឆ្នោត នៅសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលពួកយើងស្រលាញ់ពេញចិត្ត។ ហើយពេលមកដល់ទីតាំងការិយាចុះឈ្មោះបោះឆ្នោត ក្រុមការងារចុះឈ្មោះបោះឆ្នោតផ្តល់សេវារហ័ស និងរួសរាយរាក់ទាក់ផងដែរ។
សម្រាប់ពលរដ្ឋមួយចំនួនទៀតបានលើកឡើងដែរថា ការផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវក៏ជារឿងសំខាន់ដែរ ដើម្បីងាយស្រួលដល់ថ្ងៃបោះឆ្នោតកុំឲ្យមានកំហុសត្រង់ចំណុចណាមួយដែលនាំឲ្យមិនអាចបោះឆ្នោតបាន ដូច្នេះបានជាពួកយើងផ្ទៀងផ្ទាត់ឈ្មោះឲ្យបានត្រឹមត្រូវតាមវេបសាយរបស់ គ.ជ.ប ដែលមានភាពងាយស្រួល មិនចាំបាច់ចំណាយពេលទៅពិនិត្យបញ្ជីឈ្មោះដោយផ្ទាល់នៅតាមឃុំសង្កាត់។
លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បានប្រាប់BTVដែរថា តាមការសង្កាត់ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារដើមថ្កូវបាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រជាបន្តបន្ទាប់ គ្រាន់តែមុនពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមិនសូវមកច្រើន ប៉ុន្តែក្រោយពិធីបុណ្យនេះបានបញ្ចប់ ប្រជាពលរដ្ឋច្រើនជាងមុនមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រ។ លោក ហែម សុផាត បានបន្តថា ក្នុងនាមអាជ្ញាធរតែងតែជំរុញដល់ពលរដ្ឋគ្រប់អាយុចាប់ពី១៨ឆ្នាំឡើងទៅមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត និងអ្នកមិនទាន់ធ្វើជីវមាត្រ សូមអញ្ជើញមកធ្វើជីវមាត្រ។
គួរបញ្ជាក់ដែរថា នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ដោយចាប់ដំណើរការតាំងពីថ្ងៃទី៧ ខែតុលានេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត៕ អត្ថបទ៖ទូច សោភ័ណ




