ប្រទេសវៀតណាមនឹងជំរុញវិនិយោគិនរបស់ខ្លួន មកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងឡូជីស្ទិកនៅ កម្ពុជាបន្ថែម ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ដើម្បីប្រជាជន និងការរីកចម្រើននៃសេដ្ឋកិច្ចប្រទេស ទាំងពីរ។
ជុំវិញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ត្រូវបានបន្តជំរុញ ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឡូជីស្ទិក ដោយបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ ដើម្បីបង្កើតតុល្យភាពពាណិជ្ជកម្ម និងបន្ថែមតម្លៃដល់ផលិត ផលក្នុងស្រុក និងទិសដៅសេដ្ឋកិច្ច ក្នុងការជំរុញឱ្យវិនិយោគិនវៀតណាមមកវិនិយោគលើវិស័យកែច្នៃនៅកម្ពុជា ជួយបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញកិច្ចសហការរវាងកម្ពុជា-វៀតណាម នៅក្នុង រយៈពេលចុងក្រោយនេះ មានទំនាក់ទំនងកាន់តែល្អ ជាពិសេសលើផ្នែកពាណិជ្ជកម្ម សឹងតែប្រទេសទាំងពីរអត់គ្នាអត់បាននោះឡើយ ជាក់ស្តែងនៅក្នុងអាស៊ានទាំងមូល គឺគ្មានប្រទេសណាមួយផ្លាស់ប្តូរទំនិញច្រើនជាងកម្ពុជានិងវៀតណាមឡើយ។ ទាក់ទិនបញ្ហានេះ តាមរយៈនៃកិច្ចប្រជុំជាច្រើនលើកច្រើនសារ រវាងថ្នាក់នាំ និងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងនោះវៀតណាមតែងតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម នៅលើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងឡូជីស្ទិក ដើម្បី បង្កើនទំហំពាណិជ្ជកម្មឱ្យប្រហាក់ប្រហែលគ្នា និងជំរុញឱ្យមានកំណើនកើនឡើងជាបន្តបន្ទាប់ផងដែរ។
ឧកញ៉ាបណ្ឌិត បន្តថា តាមគម្រោងលើនេះ ភាគីវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈជំនួបពាណិជ្ជ- កម្ម និងការតាំងពិព័រណ៍នេះជាដើម ដើម្បីបង្ហាញអំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម ដើម្បី ទម្លុះរបាំងពាណិជ្ជកម្មក្នុងអាស៊ាន ជាពិសេសជាមួយប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧% ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជិត ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% និងការនាំចូល ពីវៀតណាម មានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារអាមេរិក កើនជាង ៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី





