កិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA ដែលរៀបចំធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ជាទីលានមួយទៀត ដែលកម្ពុជាបានប្រើក្នុងការតស៊ូមតិ លាតត្រដាង និងបង្ហាញជំហររបស់កម្ពុជាលើជម្លោះព្រំដែនជាមួយប្រទេសថៃ។ ជំហរដែលកម្ពុជា បានលើកបង្ហាញ គឺការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិជាពិសេសព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្តែង (faits accomplis) នោះឡើយ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសរំលេចពីតួនាទីរបស់ CICA និងបញ្ហាប្រែប្រួលដ៏ស្មុគស្មាញរបស់ពិភពលោកដូចជាការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា, ជម្លោះអូសបន្លាយ, ការបែកបាក់ផ្នែកសេដ្ឋកិច្ច, ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់ នៃពហុភាគីនិយម។

ក្រៅពីរំលេចនូវបញ្ហាទាំងនេះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពបំពានច្បាប់របស់កងទ័ពថៃ មកដលើបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជា ក៏មិនត្រូវបានរំលងនោះឡើយ។ សម្តេច ធិបតីលើកឡើងថា មកទល់ពេលនេះបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែបន្តគោរពបាន ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ។ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា៖ «កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកងទ័ពថៃ កំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Declaration) និងសេចក្តីប្រកាសរួម(Joint Statement) នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្តែងនៅលើទីតាំងនៅឡើយ»។
សម្តេចធិបតីបញ្ជាក់បន្ថែមថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំងប្រជាពលរដ្ឋខ្មែរប្រមាណជាង ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។ សម្តេច ធិបតីបានបញ្ជាក់ទៀតនេះ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រម-ព្រៀងទ្វេភាគី ដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញជំនឿចិត្តថា ការសន្ទនា, ការកាត់បន្ថយភាពតានតឹង, ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេសការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្តែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌, ស្ថិតស្ថេរ និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី៕


