សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA

2026/10/16 11:21:39 am        114

ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាមេដឹកនាំនៃរដ្ឋសមាជិកសន្និសីទនេះ បានលើកឡើងកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA ខណៈសម្ដេចមើលឃើញពីតួនាទីដ៏សំខាន់របស់អង្គការតំបន់មួយនេះ សម្រាប់ការសន្ទនា, ការកសាងទំនុកចិត្ត, កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆន្ទ។

ក្នុងឱកាសនោះ សម្តេចធិបតី បានគូសរំលេចពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បន្តថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា, ជម្លោះអូសបន្លាយ, ការបែកបាក់ផ្នែកសេដ្ឋកិច្ច, ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់ នៃពហុភាគីនិយម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅក្នុងបរិបទនេះ, គោលការណ៍នានា ដែលបានបញ្ជាក់ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ, សមភាពអធិបតេយ្យភាព,បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាព។ សម្ដេចបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះ ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់។

ក្នុងកិច្ចប្រជុំកំពូលនោះសម្តេចធិបតី ក្នុងនាមជាមេដឹកនាំកម្ពុជា ដែលជារដ្ឋសមាជិករបស់ CICA ដែរនោះ បានលើកនូវកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសសមាជិករបស់ CICA។ ការងារអាទិភាពទាំង៤នោះរួមមាន៖

១៖ កម្ពុជាបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងមុតមាំចំពោះការប្រែក្លាយ CICA ទៅជាអង្គការអន្តរជាតិពេញលេញមួយ។ កម្ពុជានឹងធ្វើការរួមគ្នាជាមួយរដ្ឋសមាជិកដទៃទៀត ដើម្បីជំរុញការអនុវត្ត «ផែនទីបង្ហាញផ្លូវសម្រាប់បរិវត្តកម្ម CICA» និងសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតក្នុងការចរចាលើធម្មនុញ្ញរបស់ CICA។ កម្ពុជាមានក្តីសោមនស្សដែលបានផ្តល់សច្ចាប័នលើ «អនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់លេខាធិការដ្ឋាន CICA បុគ្គលិក និងតំណាងរបស់ខ្លួន» ហើយលិខិតុបករណ៍នៃការផ្តល់សច្ចាប័ននេះ ក៏ត្រូវបានតម្កល់ទុកនៅលេខាធិការដ្ឋាន CICA រួចរាល់ផងដែរ។

២៖កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅដែលរួមមានការជំរុញសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិក CICA, ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានភាពធន់, សន្តិសុខថាមពល, ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជា ក៏ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើវិស័យទេសចរណ៍, អប់រំ, នវានុវត្តន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

៣៖ CICA គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែនតាមប្រព័ន្ធបច្ចេក វិទ្យា។ នៅក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថល ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាពរបស់ប្រទេសណាមួយ តែឯកឯងបានឡើយ។ ដូច្នេះ កម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការបែបនេះគួរតែត្រូវបានអនុវត្ត ដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។

ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ក៏បានរំលឹកព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ ដោយមានការចូលរួមពីតំណាងនៃប្រទេសចំនួន ២៦ និងអង្គការអន្តរជាតិចំនួន ៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំងការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងសកម្មភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែនដែលកំពុងកើនឡើងនេះ។

៤៖ កម្ពុជាលើកទឹកចិត្តឱ្យមានការបំពេញបន្ថែមគ្នាកាន់តែរឹងមាំរវាង CICA និង អង្គការក្នុងតំបន់ និងអន្តរជាតិដទៃទៀត ជាពិសេស អង្គការសហប្រជាជាតិ ដែលនៅតែមានតួនាទីស្នូលក្នុងប្រព័ន្ធពហុភាគី។ កិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ អាចរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិមួយ ដែលកាន់តែមានបរិយាបន្ន, មានភាពជាតំណាងសមស្រប, មានសមធម៌ និងភាពធន់។

ក្នុងសុន្ទរកថានោះ សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងបាគូ នៃកិច្ចប្រជុំកំពូលCICA លើកទី៧» និង «សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុវត្ថិភាព និង សុខភាពការងារ»។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជំហរកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិក CICA ទាំងអស់ ដើម្បីសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សន្និសីទ និងជំរុញឱ្យអាស៊ីកាន់តែមានសន្តិភាព, ភាពធន់, បរិយាបន្ន និងវិបុលភាព។ នៅក្នុងពេលវេលាដែលទំនុកចិត្តកាន់តែមានភាពផុយស្រួយ,CICA បានពង្រឹងការប្ដេជ្ញាចិត្តរបស់ CICA ក្នុងការបន្តកិច្ចសន្ទនា, កិច្ចសហប្រតិ បត្តិការ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយទាត់ចោលនូវការប្រឈមមុខដាក់គ្នា, ការបែកបាក់ និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។

សម្តេចមហាបវរធិបតី បានបន្ថែមថា រដ្ឋជាសមាជិករបស់ CICA ត្រូវបន្តរួមគ្នាផ្សាភ្ជាប់ភាពខុសគ្នាតាមរយៈ កិច្ចសន្ទនា, ការពង្រឹងទំនុកចិត្តទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រូវគោរពខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះរួមនៃទំនាក់ទំនងរវាងប្រជាជាតិ។

សូមបញ្ជាក់ថា សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជាសមាជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគីស្ថាន វៀតណាម និងឡាវ។ ចំណែកប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ៕

 

អត្ថបទដែលទាក់ទង

ពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
2026/10/16 12:40:35 pm        1
សក្តានុពលជំនាញ ធីវ៉េត ទាក់ទាញពលរដ្ឋខ្មែរមកពីអាម៉េរិក ឱ្យមកចាប់ផ្តើមគម្រោងអាជីវកម្មផលិតនំនៅកម្ពុជា
2026/10/16 12:24:34 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស ជា​ការ​ទទួល​ខុស​ចំពោះ​ជាតិ ​និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមញ្ញាណពិសេស នោះទេ
2026/10/16 12:15:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត

2026/10/16 12:43:25 pm
​ពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
2026/10/16 12:40:35 pm
​មេដឹកនាំអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តអឺរ៉ុប ខណៈការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនចុះខ្សោយ
2026/10/16 12:31:36 pm
​សក្តានុពលជំនាញ ធីវ៉េត ទាក់ទាញពលរដ្ឋខ្មែរមកពីអាម៉េរិក ឱ្យមកចាប់ផ្តើមគម្រោងអាជីវកម្មផលិតនំនៅកម្ពុជា
2026/10/16 12:24:34 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស ជា​ការ​ទទួល​ខុស​ចំពោះ​ជាតិ ​និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមញ្ញាណពិសេស នោះទេ
2026/10/16 12:15:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm