ក្លិបភ្នំពេញក្រោន របស់កម្ពុជា បានបង្កការភ្ញាក់ផ្អើល ជាមួយការធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលH កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Gangneung នៃសាធារណរដ្ឋកូរ៉េ។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញមោទនភាពជាខ្លាំង ក្នុងការប្រកួតទល់នឹងក្រុមកម្រិតខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង ដោយលោកសង្ឃឹមថា អ្នកគាំទ្របាល់ទាត់កម្ពុជា នឹងមានមោទនភាពជាមួយលទ្ធផលក្នុងការប្រកួតនេះដូចគ្នា។

បន្ទាប់ពីចាប់ផ្ដើមការប្រកួត ដោយប្រុងប្រយ័ត្នរៀងខ្លួននៅដើមវគ្គទី១ ភ្នំពេញក្រោន បានព្យាយាមវាយសម្រុក និងបង្កើតឱកាសក្នុងតំបន់ប្រយុទ្ធជាច្រើន រហូតរកបានគ្រាប់នាំមុខ ១គ្រាប់មុននៅចុងម៉ោង ដោយកីឡាករ Guytho Minland នៅនាទី៤៤ ខណៈក្រុម Gangwon FC ក៏មានឱកាសស៊ុតម្ដងម្កាលដែរ តែត្រូវបានរារាំងដោយអ្នកចាំទី អ៊ុំ វិចិត្រ។

ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកវិញ រហូតមានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមស្មើវិញ ១-១ ដោយកីឡាករ Abdallah Hleihel នៅនាទី៦១ តែជាង ១០នាទីក្រោយមក ភ្នំពេញក្រោន ក៏ទទួលបានការទាត់បាល់ពិន័យ ១១ម៉ែត្រវិញ បន្ទាប់ពីកីឡាករ Jeong Seung-bin បង្កកំហុសលើ Moses Dyer ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ហើយខ្សែប្រយុទ្ធជម្រើសជាតិញូវហ្សេឡែនរូបនេះ ក៏បានស៊ុតបញ្ចូលទីយ៉ាងល្អ ជួយឲ្យក្រុមរបស់កម្ពុជានាំមុខសារជាថ្មី ២-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
នេះគឺជាជ័យជម្នះលើកទី២ របស់ភ្នំពេញក្រោន ដែលនាំឲ្យក្រុមជើងឯករងលីគកំពូលកម្ពុជានេះ រក្សានូវតំណែងកំពូលតារាង ដោយរកបាន ៦ពិន្ទុពេញ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ នេះគឺជាដើមទន់ដ៏សំខាន់សម្រាប់ក្រុមសិង្ហក្រហម ក្នុងដំណើរប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីមួយនេះ មុនជំនួបបញ្ចប់ជើងទី១ ទល់ក្រុម Kitchee របស់ហុងកុង នាថ្ងៃទី២៩ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា





