សហព័ន្ធនិស្សិតកម្ពុជានៅបរទេសថា យុទ្ធសាស្រ្ដសម្ដេចធិបតី ដែលបន្តនាំយកជំហរសន្ដិភាព ទាមទារឱ្យថៃគោរពច្បាប់អន្ដរជាតិ ជាការជួយពង្រឹងកម្លាំងគាំទ្រ ពីអន្ដរជាតិលើកម្ពុជា។
លោក ទិត ប៉ារូស អគ្គលេខាធិការរងប្រចាំ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស ប្រាប់ BTV នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ ថា យុទ្ធសាស្រ្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបន្តនាំយកជំហរសន្ដិភាព ការគោរពច្បាប់អន្ដរជាតិ ទាមទារឱ្យថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី នៅគ្រប់វេទិកាអន្ដរជាតិ គឺជាយុទ្ធសាស្រ្ដកៀរគរកម្លាំងគាំទ្រពីអន្ដរជាតិលើកម្ពុជា។ លោកថា ក្នុងបរិបទដែលពិភពលោកបន្តមានជម្លោះ ប្រទេសមានកម្លាំងទ័ពធំ បំពានលើប្រទេសតូច ការបន្តជំរុញឱ្យលើកកម្ពស់ពហុភាគីនិយម និងការគោរពច្បាប់អន្ដរជាតិពិតជាមានសារៈសំខាន់។ ហើយសម្រាប់កម្ពុជា ការក្ដាប់ឱកាសយកវេទិកាអន្ដរជាតិ លាតត្រដាងការឈ្លានពានរបស់ថៃ មិនត្រឹមតែជាការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលើកកម្ពស់កិត្តិយស និងឥទ្ធិពលការបរទេសរបស់កម្ពុជា ទាញការគាំទ្រពីអន្ដរជាតិដែលស្អប់ខ្ពើមសង្រ្គាមឈ្លានពាន។

លោក ទិត ប៉ារូស អគ្គលេខាធិការរងប្រចាំការ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស ៖ «ខ្ញុំយល់ឃើញថា យុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី គឺជាយុទ្ធសាស្រ្ដមួយ ដែលយើងអាចនិយាយបាន ថា ជាយុទ្ធសាស្រ្ដសន្ដិភាពនិយម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានមូលដ្ឋានច្បាប់អន្ដរជាតិរឹងមាំបំផុត។ ខ្ញុំមើលឃើញ ថា កត្តាចាំបាច់ ដែលកម្ពុជាត្រូវតែ នាំជំហរ របស់កម្ពុជា ប្រាប់ទៅអន្ដរជាតិ ពីជំហរសន្តិភាព និងទាមទារឱ្យគ្រប់ប្រទេស គោរពច្បាប់អន្ដរជាតិ ជាពិសេសទាមទារឱ្យប្រទេសជិតខាងរបស់យើង គោរពច្បាប់អន្ដរជាតិ គឺជាយុទ្ធសាស្រ្ដការទូតដ៏ឆ្លាតវៃ។ តាមរយៈយុទ្ធសាស្រ្ដ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងធ្វើបច្ចុប្បន្ននេះ នៅក្នុងក្រសែភ្នែកសហគមន៍អន្ដរជាតិ ទី១ សហគមន៍អន្ដរជាតិ អាចនឹងមើលឃើញកម្ពុជា ជារដ្ឋអធិបតេយ្យ ដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋអន្ដរជាតិ ដែលកម្ពុជាតែងតែគោរពសន្ដិភាព មិនឈ្លានពានប្រទេសណាមួយ និងប្រើប្រាស់ច្បាប់អន្ដរជាតិជាខែលការពារ ទី២ អន្ដរជាតិអាចនឹងមើលឃើញកម្ពុជា ជាប្រទេសដែលមាន ជំហរម៉ឺងម៉ាត់ មិនអត់ឱនចំពោះការរំលោភបំពានបូរណភាពទឹកដីរបស់កម្ពុជា និងទី៣ សហគមន៍អន្ដរជាតិនឹងមើលឃើញកម្ពុជា ជាដៃគូកាទូតដែលអាចទុកចិត្តបាន។»
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយន្ដការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់។ ហើយនៅគ្រប់វេទិកាអន្ដរជាតិ ថ្នាក់ដឹកនាំកម្ពុជា តែងតែបញ្ជាក់ពីជំហរសន្ដិភាពនិយម ការគោរពច្បាប់អន្ដរជាតិ និងទាមទារឱ្យថៃដោះស្រាយជម្លោះដោយយកច្បាប់អន្ដរជាតិជាគោល។ ជាក់ស្ដែងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទ ស្ដីពី អន្ដរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅប្រទេស អាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្ដេចបានបន្តលាតត្រដាង ពីអំពើឈ្លានពាន របស់ថៃ លើដែនអធិបតេយ្យកម្ពុជា និងទាមទារឱ្យថៃ ដោះស្រាយជម្លោះដោយសន្តិវិធី ប្រគល់ត្រឡប់មកវិញដីផ្ទះ របស់ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ ដែលយោធា ថៃកំពុងកាន់កាប់ដោយខុសច្បាប់៕ អត្ថបទ៖ លៀ ស៊ីណា



