នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាបាឋកថាជាស៊េរី នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅវិមាន ៧ មករា។

ក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់គណៈចលនាមហាជនក្នុងការរៀបចំបាឋកថាជាស៊េរីនេះឡើងដើម្បីផ្តល់ជាវេទិកាចែករំលែករបស់វីរជនជំនាន់មុន ដល់អ្នកជំនាន់ក្រោយ។ ឯកឧត្តមបានគូសបញ្ជាក់ថាប្រទេសជាតិដែលរឹងមាំទៅបាន អាស្រ័យដោយអ្នកដឹកនាំមានចំណេះដឹង មានសេចក្តីក្លាហាន មានបទពិសោធ មានការពុះពារ ដែលជាក់ស្តែងនេះ យើងឃើញថា ថ្នាក់ដឹកនាំបច្ចុប្បន្ននេះគឺពោរពេញដោយចំណេះដឹង និងសមត្ថភាព ដែលជាក្តីសង្ឃឹមសម្រាប់អ្នកជំនាន់ក្រោយ និងជាកម្លាំងដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។
ឆ្លងកាត់បទពិសោធក្នុងការរំដោះជាតិ ឯកឧត្តមបានរំលេចអំពីដំណើរជីវិតនៃការតស៊ូក្នុងការចូលរួមអនុវត្តនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្ស ដែលជាលទ្ធផលបាននាំកម្ពុជានូវសន្តិភាពពេញលេញមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់មន្រ្តីគណបក្សបច្ចុប្បន្ន ដែលជាអ្នកបន្តវេន រួមគ្នាបំពេញបេសកកម្មជាតិ បន្តធ្វើសកម្មភាព និងទង្វើល្អ ប្រាស់ចាកពីការប្រព្រឹត្តិសកម្មភាពដែលប្រជាជនមិនគាំទ្រ និងត្រូវមានភាពស្និតស្នាល ទំនាក់ទំនងល្អ និងជួយដោះស្រាយទុក្ខធុរៈជូនប្រជាជន៕


