ក្រុមយុវជន និងយុវនារីសរុប២៤០នាក់រស់នៅក្នុងខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធាជាស្ថាពរហើយ គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយពួកគេតាំងចិត្តលះបង់អស់កម្លាំងកាយចិត្តប្រឹងប្រែងហ្វឹកហាត់លត់ដំខ្លួនឱ្យមានសមត្ថភាពដើម្បីចូលរួមការពារជាតិ។
១៧ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៧ ខែតុលា មានក្រុមយុវជន និងយុវនារីសរុបចំនួន២៥៤នាក់/១៨នាស្រ្តីនាក់ បានមកកាន់បណ្តាកងរាជអាវុធហត្ថក្រុងស្រុកចំនួន៧ក្នុងខេត្តកោះកុង មកស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា តបនឹងច្បាប់ដែលមានកំណត់ និងយោងតាមគោលការណ៍ស្មគ្រ័ចិត្ត។
លោកវរៈសេនីទោ ហេង សំនៀង ប្រធានមន្ទីរកសាងកម្លាំងនៃកងរាជអាវុធហត្ថខេត្តកោះកុង ថ្លែងឱ្យល្ងាចថ្ងៃទី១៧ ខែតុលា ថា តួលេខជាក់ស្តែងដែលយុវជនមកដាក់ពាក្យមានសរុបចំនួន២៤០នាក់/ស្រី១៤នាក់។ ការដែលមានយុវជនយុវនារីមិនបានពាក្យតាមលក្ខខណ្ឌមានចំនួន៨នាក់ ខ្លះអត់គ្រប់អាយុ១៨ឆ្នាំទេ ហើយមួយចំនួនលើសអាយុ២៥ក្រុមការងារអត់ទទួលពាក្យគាត់ទេករណីផ្សេងៗ គាត់មកទទួលពាក្យហើយ តែគាត់មិនបានមកដាក់ពាក្យវិញទេ ដោយមានមូលហេតុ មួយចំនួននៅថែទាំម្តាយឬឪពុកឈឺគ្មានអ្នកមើល និងមួយចំនួនទៀតគាត់នៅបន្តការសិក្សា។
ទោះយ៉ាងណាលោក ហេង សំនៀង មើលឃើញថា ឆន្ទៈមុតមាំរបស់យុវជននៅខេត្តកោះកុង ពិតជាបានផុលផុសខ្លាំងក្នុងការមកចូលរួមបំពេញកាតព្វកិច្ចយោធា តបនឹងច្បាប់ដែលបានកំណត់ និងតាមគោលការណ៍ស្ម័គ្រចិត្ត។
កន្លងទៅនេះ តំណាងយុវជនរស់នៅក្រុងខេមរភូមិន្ទ ដែលបានមកសុំពាក្យចុះឈ្មោះបំពេញកាតព្វកិច្ចយោធា បានអះអាងថា ពួកគេមានបំណងចូលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចគ្មានការបង្ខិតបង្ខំពីនរណានោះទេ សូម្បីតែម្តាយឪពុករបស់ពួកគេក៏ជំរុញលើកទឹកចិត្តផងដែរ។
យុវជន និងយុវនារីនៅខេត្តកោះកុង ក៏បានតាំងចិត្តលះបង់អស់កម្លាំងកាយចិត្តប្រឹងប្រែងហ្វឹកហាត់លត់ដំខ្លួនឱ្យមានសមត្ថភាពដើម្បីចូលរួមការពារជាតិផងដែរ៕ អត្តបទ៖ ឈឹម មករា







