តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារមួយជាមួយនឹងរូបភាពដោយបង្ហាញពីជំនួបដ៏ចៃដន្យមួយជាមួយលោក វ៉ាន សាកូលីន ដែលជាពលរដ្ឋខ្មែរមួយរូបជិះម៉ូតឆ្លងកាត់តាមបណ្ដាប្រទេសជាច្រើន(គោលដៅ១៥ប្រទេស) ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ សម្ដេចបានជួបជាមួយលោក វ៉ាន សាកូលីន (Van Zakolin) នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ប្អូនប្រុសកំពុងធ្វើដំណើរដោយម៉ូតូពីកម្ពុជាទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ ជាការចៃដន្យល្អមួយ ដែលសម្ដេច និងលោក វ៉ាន សាកូលីន បានមកដល់ទីក្រុងអ៊ីស្តង់ប៊ុលក្នុងពេលជាមួយគ្នាតែម្តង។

សម្ដេចធិបតី ថ្លែងកោតសរសើរវាយតម្លៃខ្ពស់អំពីបេសកកម្មនេះ ពិតជារួមចំណែកលើកកម្ពស់មុខមាត់កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបំផុសគំនិតដល់យុវជនកម្ពុជាឱ្យមានភាពក្លាហាន តស៊ូ និងបន្តលើកកម្ពស់កិត្តិយសជាតិ តាមរយៈស្មារតី «ខ្មែរអាចធ្វើបាន»។ សម្ដេចធិបតីសូមជូនពរលោក វ៉ាន សាកូលីន ធ្វើដំណើរបន្តដោយសុវត្ថិភាព និងសម្រេចនូវគោលបំណងរបស់លោកដោយជោគជ័យ។
ជាមួយគ្នានេះផងដែរ តាមរយៈផេកហ្វេសប៊ុកឈ្មោះថា Frost ZK MotoVlog ដែលជាផេកបង្ហាញពីសកម្មភាពនេះដំណើរជិះម៉ូតូឆ្លងកាត់ប្រទេសជាច្រើន(គោលដៅ ១៥ប្រទេស) ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាក៏បានលើកឡើងផងដែរនូវជំនួបនេះ ដោយលោក វ៉ាន សាកូលីន បានបញ្ជាក់ពីអារម្មណ៍សប្បាយរីករាយ និងមានកិត្តិយសដែលបានជួបសម្ដេចធិបតី នាយករដ្ឋមន្ត្រី នាឯទីក្រុងអ៊ីស្ដង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។ លោកបន្តថា រឿងនេះគឺជារឿងមួយដែលមិនគួរឲ្យជឿដែលលោកមានឱកាសបានមកជួបសម្ដេចនៅឆ្ងាយកន្លះផែនដីពីផ្ទះ ពីប្រទេសកម្ពុជា។ លោកសូមថ្លែងអរគុណដល់សម្តេចធិបតី ដែលបានជូនពរដល់រូបលោកបំពេញបេសកកម្មរបស់ខ្លួនទទួលបានជោគជ័យ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពរហូតទៅដល់គោលដៅ៕





