ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបន្ទាប់ពីវិលត្រឡប់ពីសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថានមកដល់រាជធានីភ្នំពេញភ្លាមដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះឯកឧត្ដមបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេមួយកន្លែងនៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥ កន្លងទៅ។

លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា ច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីទៀបភ្លឺថ្ងៃទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
បើទោះបីកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេសក្ដីក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាមថាច្រាំងទន្លេមេគង្គនេះបានបាក់ស្រុត កាលពីថ្ងៃទី១៦ តុលា ឯកឧត្ដម ឃួង ស្រេង បានចាត់ឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញសំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥កន្លងទៅ ហើយនៅទៀបភ្លឺថ្ងៃទី១៥ តុលា ២០២៦នេះក៏បានបាក់បន្តទៀត ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធនិងគ្រោះមហន្តរាយដោយធម្មជាតិនេះអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ពោលគឺបានដោះស្រាយជូនពលរដ្ឋភ្លាមៗតែម្តង។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ជាមួយនិងការធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងបន្តទៀត ដើម្បីបង្វែផ្លូវទឹកកុំឱ្យទឹកហូរបុកទីតាំងនេះបណ្តាលឱ្យបាក់ស្រុតបន្តទៀត។
ជាមួយគ្នានេះប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅដើម្បីសម្រួលការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេហើយ នារសៀលថ្ងៃដដែលនេះដែរឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕ អត្ថបទ ប្រាក់ វ៉ាន់ដា







