ក្លឹបបាល់ទាត់អេស្ប៉ាញ Getafe នៅតែបន្តពិចារណាលើការនាំយកអតីតប្រធានក្រុម Real Madrid ម្នាក់ទៀត គឺខ្សែការពារ Sergio Ramos មករួមក្រុម បន្ទាប់ពីបានចុះកុងត្រានាំយក Dani Carvajal។ ទោះជាយ៉ាងណា ការផ្ទេរនេះមិនទាន់ស្ថិតក្នុងអាទិភាពចម្បងរបស់ថ្នាក់ដឹកនាំផ្នែកកីឡាក្លឹបនៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់ប្រធានក្លឹប Getafe លោក Ángel Torres។
លោក Torres បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានជួបពិភាក្សាជាមួយ René Ramos ដែលជាបងប្រុស និងជាភ្នាក់ងាររបស់ Sergio Ramos ដើម្បីស្វែងយល់អំពីលទ្ធភាពនៃការផ្ទេរកីឡាកររូបនេះមកកាន់ក្លឹប។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Tablero Deportivo របស់វិទ្យុជាតិអេស្ប៉ាញ (RNE) លោក Torres បានទទួលស្គាល់ថា Getafe មានឆន្ទៈពិចារណាលើការចុះកុងត្រាជាមួយ Sergio Ramos ប្រសិនបើលក្ខខណ្ឌ និងស្ថានភាពនានាអំណោយផល។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការនាំយកខ្សែការពាររូបនេះ ប្រធានក្លឹប Getafe បានឆ្លើយតបក្នុងន័យវិជ្ជមាន និងបញ្ជាក់ថា ក្លឹបបានទាក់ទងជាមួយភាគីរបស់កីឡាកររួចហើយ។
រំលឹកថា Sergio Ramos ត្រូវបានគេស្គាល់ថា ជាកីឡាករបាល់ទាត់ជោគជ័យបំផុតម្នាក់ ដោយគេធ្លាប់ឈ្នះពានធំៗនៅ Real Madrid ជាច្រើនរួមមាន La Liga ៥ លើក Copa del Rey ២ លើក UEFA Champions League ៤ លើក និង FIFA Club World Cup ៤ លើក។
ជាមួយអេស្ប៉ាញ គេគឺជាសមាជិករបស់ក្រុមជម្រើសជាតិដែលឈ្នះជើងឯកពិភពលោក ២០១០ នៅអាហ្វ្រិកខាងត្បូង និងជើងឯកអឺរ៉ុប ២០០៨ ២០១២៕ អត្ថបទ៖នាង សុភាវុធ


