រាជធានីភ្នំពេញ៖ អាជ្ញាធរថ្នាក់មូលដ្ឋាន បន្តជំរុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្លួនឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោតខាងមុខ។
ព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋបាលសង្កាត់មិត្តភាព នៃរដ្ឋបាលខណ្ឌ៧មករា ក្រុមមន្ត្រី នៃគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តការយកចិត្តទុកដាក់ក្នុងការចុះឈ្មោះថ្មី និងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះជូនពលរដ្ឋ ដោយមានជាការរៀបចំតារាងបញ្ជីឈ្មោះសម្រាប់ពិនិត្យ មានក្រុមមន្ត្រីពិនិត្យឯកសារ និងការថតរូបភាពថ្មី ឬថតឡើងវិញ ដើម្បីបញ្ចូលព័ត៌មានថ្មីទៅក្នុងទន្និន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សម្រាប់ឆ្នាំ២០២៦នេះ។
លោកហេង ចាន់សារិន ចៅសង្កាត់មិត្តភាព បានឲ្យដឹងថា ប្រជាពលរដ្ឋសរុបនៅក្នុងមូលដ្ឋានលោកមានសរុប ៦ ៥២៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើង មាន ៥ ១៤៩នាក់ ហើយអ្នកដែលមានឈ្មោះបោះឆ្នោតផ្លូវការក្នុងឆ្នាំ២០២៥មានសរុប ៥ ០៩៥នាក់។
លោកចៅសង្កាត់បន្ថែមថា គិតចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចាប់ផ្តើម នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតមកនៅក្នុងសង្កាត់មិត្តភាព មានអ្នកចុះឈ្មោះថ្មី ៩០នាក់ , អ្នកលុបឈ្មោះពីបញ្ជីឈ្មោះ ៧៧នាក់ , អ្នកកែទន្និន័យ ៧៩នាក់ និងចំពោះអ្នកធ្វើជីវមាត្រ ១២៣នាក់តែប៉ុណ្ណោះ ក្នុងចំណោម ១,៤៦៦នាក់ ដែលត្រូវធ្ចើជីវមាត្រសរុប។
ក្នុងនាមអាជ្ញាធរសង្កាត់ លោកចៅសង្កាត់ ក៏ដូចជាសមាជិកក្រុមប្រឹក្សា និងប្រធានភូមិក្នុងមូលដ្ឋានបានបន្តជំរុញផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈការចាក់មេក្រូធ្វើដំណើរផ្សព្វផ្សាយ និងចុះដល់លំនៅឋានពលរដ្ឋ ដើម្បីជំរុញបន្ថែម ក៏ដូចជាការចែកជាលិខិតអញ្ជើញទៅកាន់គ្រប់អ្នកពាក់ព័ន្ធ ដើម្បីទៅចុះឈ្មោះថ្មី កែទន្និន័យ ឬធ្វើជីវមាត្រជាដើម។
ពលរដ្ឋក្មេងចាស់ ដែលបានទៅចុះឈ្មោះថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ សម្តែងការពេញចិត្ត ក្នុងការពិនិត្យឈ្មោះ ដោយចាត់ទុកថា ការបោះឆ្នោះគឺជារឿងចាំបាច់ និងជាកាតព្វកិច្ចដែលត្រូវបំពេញផងដែរ។
គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺតម្រូវឲ្យមានការថតរូប និងផ្តិតមេដៃ ចំពោះពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក។ ដោយឡែក សម្រាប់អ្នកគ្រប់អាយុហើយត្រូវចុះឈ្មោះថ្មី គឺតម្រូវឲ្យមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ៕ អត្ថបទ៖ លីហេង







