ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នឹងបន្តពង្រឹងការត្រួតពិនិត្យ និងតាមដានទីតាំងកាស៊ីណូទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ភូមិសាស្ត្ររសើប ដើម្បីទប់ស្កាត់ការលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់។ ស្ថាប័ននេះ បានព្រមានថា កាស៊ីណូណាដែលបំពានការណែនាំរបស់រាជរដ្ឋាភិបាល អាចប្រឈមនឹងការពិន័យ ការព្យួរ ឬដកហូតអាជ្ញាបណ្ណ ព្រមទាំងការបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់។

លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឱ្យដឹងថា ពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យទីតាំងកាស៊ីណូនៅទូទាំងប្រទេសចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានរៀបចំផែនការសហការយ៉ាងជិតស្និទ្ធជាមួយ អគ្គលេខាធិការដ្ឋាន គ.ប.ឆ.ប, គណៈបញ្ជាការឯកភាពរដ្ឋបាលរាធានី-ខេត្ត, កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ យន្តការរួមមានការបង្កើតក្រុមការងារចម្រុះចុះត្រួតពិនិត្យផ្ទាល់និងទៀងទាត់តាមបណ្តាទីតាំងកាស៊ីណូ, ការដាក់ពង្រាយបណ្តាញត្រួតពិនិត្យបច្ចេកវិទ្យាអ៊ីនធឺណិត, និងការបង្កើតច្រកទំនាក់ទំនងបន្ទាន់ ដើម្បីធានាថាការអនុវត្តវិធានការទប់ស្កាត់នេះមានប្រសិទ្ធភាពខ្ពស់ និងគ្មានការបន្ធូរបន្ថយឡើយ។
លោកមានប្រសាសន៍ថា «ក្នុងករណីរកឃើញថាកាស៊ីណូណាមួយនៅតែលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ស្ថាប័ននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានពិន័យអន្តរការណ៍, ព្យួរ ឬដកហូតអាជ្ញាបណ្ណកាស៊ីណូ, បិទសៀលនៅច្រកចេញចូល, និងឧបករណ៍បច្ចេកវិទ្យាពាក់ព័ន្ធនៅក្នុងទីតាំងបរិវេណកាស៊ីណូ ដោយសហការជាមួយស្ថាប័ន អយ្យការអមសាលាដំបូង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង កសាងសំណុំរឿងបញ្ជូនខ្លួនម្ចាស់ទីតាំង អ្នកគ្រប់គ្រង និងបុគ្គលពាក់ព័ន្ធទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន»។
លោកអះអាងថា រហូតមកដល់ពេលនេះ គ.ល.ក. អាចសន្និដ្ឋានថា កាស៊ីណូដែលមានអាជ្ញាបណ្ណត្រឹមត្រូវភាគច្រើនបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបញ្ឈប់ទាំងស្រុងនូវសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ ទោះជាយ៉ាងណា ទីតាំងកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ភូមិសាស្ត្ររសើប គឺកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានយ៉ាងដិតដល់បំផុតពីសំណាក់ក្រុមការងារត្រួតពិនិត្យរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ ប្រសិនបើមានទីតាំងណាបង្ហាញសញ្ញាខុសប្រក្រតី ឬសង្ស័យថាមានការពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពខុសច្បាប់ ស្ថាប័ននឹងបន្តចាត់វិធានការពិនិត្យស្រាវជ្រាវ និងដាក់ពិន័យបន្ថែមយ៉ាងតឹងរ៉ឹងភ្លាមៗ៕ អត្ថបទ៖ ធូ វិរ


