ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានធ្វើបណ្តេញជនជាតិថៃចំនួន ២៤នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចស្នាក់នៅធ្វើការងារខុសច្បាប់។ ជាមួយគ្នានេះដែរ សមត្ថកិច្ចកម្ពុជាក៏បានទទួលប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៨២នាក់វិញដែរ។
អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន ២៤នាក់ ក្នុងនោះស្រី ០៩នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា)។
ក្នុងពេលជាមួយគ្នានេះផងដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៨២នាក់ ក្នុងនោះស្រី ២៤នាក់ កុមារ ១០នាក់ ព្រមទាំងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។ អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕ អត្ថបទ៖ វង្ស សុភាព






